ព្រឹត្តិការណ៍ជួបជុំដាក់តាំងបង្ហាញរថយន្តទំនើប និងកម្រ ប្រភេទ Hypercar និង Supercar រយៈពេល ៣ថ្ងៃបានបិទបញ្ចប់នៅប្រទេសកម្ពុជា ខណៈនារសៀលថ្ងៃទី១៧នេះគណៈប្រតិភូ Gumball 3000 បានបន្តដំណើរទៅកាន់ប្រទេសថៃ ម៉ាឡេស៊ី ហើយដែលនឹងបញ្ចប់នៅប្រទេសសិង្ហបុរី។
នៅល្ងាចថ្ងៃអង្គារនេះ គណៈប្រតិភូ Gumball 3000 បានចាកចេញពីកម្ពុជាហើយដោយឆ្លងកាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីបន្តដំណើរចូលប្រទេសថៃ ក្រោមកិច្ចទទួលស្វាគមន៍ និងរៀបចំសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ច។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ព្រឹត្តិការណ៍ Gumball 3000 បង្កើតបាននូវស្នាមញញឹម ភាពកក់ក្ដៅ ភាពជឿជាក់ និងអនុស្សាវរីយ៍ល្អៗរបស់អ្នកចូលរួមក្នុងព្រឹត្តិការណ៍ Gumball 3000 នៅលើទឹកដីអង្គរ របស់កម្ពុជា។ ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្រ្តី បានប្រកាសអរគុណដែលបានជ្រើសរើសយកកម្ពុជា និងមកកាន់ប្រាសាទអង្គរវត្តទឹកដីនៃព្រះរាជាណាចក្រអច្ឆរិយ។
ទស្សនៈជារួមមកលើព្រឹត្តិការណ៍ Gumball 3000 ត្រូវបានមហាជនខ្មែរសម្តែងការអបអរសាទររីករាយជាខ្លាំងចំពោះព្រឹត្តិការណ៍អន្តរជាតិលើកដំបូងនេះ ជាមួយនឹងការរំពឹងទទួលបានផលចំណេញមហាសាលដែលធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់ច្បាស់នូវពេលវេលាមានសុខសន្តិភាព ភាពរីកចម្រើនរុងរឿងនៃវប្បធម៌ ប្រពៃណីរបស់ខ្លួនលើឆាកអន្តរជាតិ។
លោក លាង ពៅ ដែលជាម្ចាស់ក្រុមហ៊ុន ជីបម៉ុង គ្រុប និងជាស្ថាបនិកមួយរូបដែលជាអ្នករៀបចំ Gumball 3000 In Cambodia បានអះអាងថា តាមរយៈព្រឹត្តិការណ៍អន្តរជាតិ Gumball 3000 កម្ពុជាទទួលបានផលចំណេញយ៉ាងច្រើនក្នុងផ្សព្វផ្សាយទៅកាន់ពិភពលោក។ ទន្ទឹមនឹងលោកឧកញ៉ា លាង ពៅ បានបញ្ជាក់ថា ថវិកាប្រមាណ ៤០ម៉ឺនដុល្លារដែលប្រមូលបានពីព្រឹត្តិការណ៍ Gumball 3000 នឹងត្រូវប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបផងដែរ។
លោក ខេមរា ជាអ្នកផលិតមាតិកាដ៏ល្បីរបស់កម្ពុជា បានបញ្ជាក់ថា យុវជនអាច ជួយជាតិ តាមរយៈការផ្សព្វផ្សាយរឿងល្អៗ នៅលើបណ្តាញសង្គម។ លោកអះអាងថា ព្រឹត្តិការណ៍ Gumball 3000 ពិតជានាំអោយកម្ពុជាល្បីរន្ទឺ ព្រោះមានអ្នកផលិតមាតិកាអន្តរជាតិល្បីៗជាច្រើនរូបចូលរួមផ្សព្វផ្សាយ។
លើសពីនេះទៅទៀត ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្ត៏ក្រសួងមុខងារសាធារណៈ បានលើកឡើងថា កម្ពុជា មានមោទនភាពក្នុងការបើកទ្វារទទួលបណ្តាប្រិយមិត្តមកពីទូទាំងពិភពលោកឱ្យបានស្គាល់នូវសម្បត្តិវប្បធម៍ និងទេសភាពដ៏ស្រស់ត្រកាលនៃដែនដីអច្ឆរិយៈរបស់យើង។
លោកបន្តថា ព្រឹត្តិការណ៍ Gumball មិនត្រឹមតែបានស្រូបទាញអ្នកមកទស្សនាកម្ពុជាក្នុងអំឡុងពេលកម្មវិធីប៉ុណ្ណោះទេ តែវាក៏បានផ្ញើសារទៅកាន់ពិភពលោកនូវសក្តានុពលវិស័យទេសចរណ៍ ស្នាមញញឹមរបស់ប្រជាជន និងបរិយាកាសដ៏សែនកក់ក្តៅដែលអ្នកចូលរួមកម្មវិធីបានចែករំលែកនៅលើទំព័របណ្តាញសង្គមរបស់ពួកគេ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងទេសចរណ៍