ការប្រគំតន្រ្តី solo របស់កំពូលតារាចម្រៀងស្រីជួរមុខនៃកម្ពុជា ត្រូវគេលើកឡើងជាច្រើននាក់ថា សំបុត្រចូលរួមទស្សនាមានតម្លៃថ្លៃរហូតដល់ ១០០ ដុល្លារ ចំពោះតំបន់ VIP។ ប៉ុន្តែសម្រាប់អ្នកគាំទ្រ ដែលបានទៅទស្សនាផ្ទាល់យល់ឃើញថា តម្លៃខ្ពស់បំផុត ១០០ ដុល្លារអាមេរិកនោះ ស័ក្ដិសមជាមួយកិត្តិនាមស័ក្ដិសមជាមួយសមត្ថភាព និងការរៀបចំដ៏ថ្មីសម្បូរបែប និងមិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា។
គ្រាន់តែឈុតអាវធំវែង ដែលកំពូលតារាស្រីសេដ្ឋីនីច្រៀងចំណាយទាំងការរៀបចំ ចំណាយទាំងថវិកាព្រមទាំងកម្លាំងកាយចិត្តយ៉ាងច្រើន ដើម្បីអាចចេញបានរូបរាងអាវដ៏ប្រណីតនោះចេញមកបាន។ អាវមួយនោះដែរបានរំលេចចេញនូវឈុតសហសម័យអាវធំវែងមានរូបភាពជាសមិទ្ធផលសំណង់ស្ថាបត្យកម្មជាច្រើនរបស់ខ្មែរ រួមទាំងក្បាច់ផ្កាច័ន្ទនៅលើសម្លៀកបំពាក់ថែមទៀតនោះគូរដោយដៃកូនខ្មែរសុទ្ធសាធ។
សម្រាប់ Solo Concert កំពូលតារាចម្រៀងដ៏មានប្រជាប្រិយភាពមិនស្រកស្រុតជាង ២៥ ឆ្នាំនេះ បានផ្លាស់ប្ដូរសម្លៀកបំពាក់ក្បែរ ១០ ឈុត ហើយច្រៀងតែម្នាក់ឯងសុទ្ធ គ្មានតារាកិត្តិយសណាមកឡើងអមជាមួយឡើយ ពោលគឺចាយពេល ៣ ម៉ោងកន្លះ និងស្រែកច្រៀងជិត ៤០ បទម្នាក់ឯង។
ឆាកតន្តី «THE Q – RISE OF THE QUEEN» មិនធ្លាប់មានឡើយ ដោយផ្ទាំង LED នៅខាងក្រោយ ត្រូវភ្ជាប់ជាមួយកាមេរ៉ា Live ដែលអាចឲ្យអ្នកគាំទ្រមើលឃើញសកម្មភាពកាន់តែច្បាស់ពេលកំពុងសម្ដែង និងមានអក្សររត់នៅលើ LED គ្រប់បទច្រៀង ដែលធ្វើឲ្យអ្នកគាំទ្រច្រៀងតាម រាំលេងតាមសប្បាយមួយអស់ដៃក្នុងព្រឹត្តិការណ៍កម្រមួយនោះ។
មិនទាន់អស់ត្រឹមនេះឡើយ សម្រាប់អ្នកដែលចំណាយប្រាក់ក្នុងកៅអី Zone Premium ឡើងទៅក៏ទទួលបាន នឹងទទួលបាន Merchandise រួមមានអាវយឺត រូបថតកាត Light Stick និងរបស់របរអនុស្សាវរីយ៍ជាច្រើនទៀត។ បើទោះជាសំបុត្រខ្ពស់បំផុតមានទៅដល់ ១០០ ដុល្លារ តែកម្រិតប្អូនស្រីថៅកែហង្សមាស ដែលគេចាត់ទុកជាសេដ្ឋីម្នាក់ក្នុងវិស័យសិល្បៈរូបនេះ អាចទទួលអ្នកគាំទ្រតែ ប៉ុន្មានពាន់នាក់ប៉ុណ្ណោះ។
មិនបាច់និយាយដល់សមត្ថភាពឡើយតារាស្រីលំដាប់អភិជន តែចូលចិត្តដាក់ខ្លួនចំពោះមនុស្សរាល់គ្នារូបនេះ អាចច្រៀងបានគ្រប់ទម្រង់ ស្លូ មនោសញ្ចេតនា Rock ញាក់ ដោយមិនចាំបាច់ចាក់ឌីស អមជាមួយក្បាច់រាំដ៏រស់រវើក ទោះស្ថិតនៅវ័យក្បែរ ៤០ ឆ្នាំក៏ពិតមែន តែថាមពលនាងមិនបានថមថយបន្តិចសោះឡើយ។
ម្យ៉ាងនៅពេលសំបុត្រគ្រប់ប្រភេទត្រូវបានដាក់លក់ គឺប្រើពេលមិនដល់១ម៉ោងផង មានអ្នកកក់ពេញអស់គ្រប់កន្លែង ដែលនោះអាចសបញ្ជាក់បានច្បាស់ៗហើយថា កញ្ញា ជាតារាដែលមានឥទ្ធិពលកម្រិតណាក្នុងស្រទាប់ដួងចិត្តមហាជនដែលមានអាយុចន្លោះចាប់ពី ១៨ ដល់ ៤០ ឆ្នាំ។ ត្រូវចាំថា មិនមែនតែមហាជនឡើយដែលជាអ្នកគាំទ្រ សូម្បីតារាដូចគ្នាក៏ពុះពាររកសំបុត្រដោយខ្លួនឯងដែរ។
ទោះជាតម្លៃសំបុត្រខ្ពស់ដល់ ១០០ ដុល្លារក៏ពិតមែន នៅតែមានអ្នកគាំទ្រលើកឡើងថា លំដាប់ ឱក សុគន្ធកញ្ញា ថ្លៃសំបុត្រប្រគំតន្ត្រីក្នុងសាលបែបនេះ សមតែខ្ទង់ពាន់ដុល្លារឯណោះ។ ព្រោះទេពកោសល្យ ទាំងសមត្ថភាពដែលបានដុះខាតចេញមកពីថ្នាលបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវគឺសាលាវិចិត្រសិល្បៈ និងបទពិសោធន៍ជាង២០ ឆ្នាំ គ្មានអ្វីអាចកាត់ថ្លៃបានទេ៕
រូបភាព៖ One Memory