ការបង្ហាញវត្តមានរបស់ YouTuber ដ៏ល្បីរបស់អាមេរិក IShowSpeed នៅកម្ពុជាក្នុងកម្មវិធី Gumball 3000 ពិតជាធ្វើឲ្យអ្នកគាំទ្រសប្បាយរីករាយ និងមានអារម្មណ៍រំភើបខ្លាំង។ កាលពីយប់មិញ Speed បាន Live stream ស្វែងរក subscriber គម្រប់ ៣០ លាននៅលើទឹកដីអង្គរ ខេត្តសៀមរាប ហើយ ដោយតារាអ៊ីនធឺណិតរូបនេះ ហ៊ោកញ្ជ្រៀវនឹងសមិទ្ធផលដែលទទួលបាន អំឡុងពេលមកស្រុកខ្មែរ។
ខណៈដែល IShowSpeed សប្បាយជាមួយអ្នកគាំទ្រ កូនប្រុសពៅថៅកែស្រាបៀហនុមាន Eric បានឡើងទៅលើឡាន និងយកប្រអប់នាឡិកា Rolex ទោឲ្យ YouTuber ល្បីឈ្មោះរូបនោះតែម្ដង។ ត្បិតទើបមានវ័យត្រឹម ១៩ ឆ្នាំ តែ IShowSpeed ពិតជាមានប្រជាប្រិយភាព និងទាក់ទាញមានការចាប់អារម្មណ៍ច្រើនពីសំណាក់បុគ្គលល្បីៗដូចគ្នា។
បើនិយាយពីតម្លៃនាឡិកា Rolex ដែលកូនប្រុសពៅថៅកែហនុមានជូនដល់ Darren Jason Watkins Jr ហៅ Speed មានតម្លៃទៅដល់ ៥ ម៉ឺនដុល្លារឯណោះ។ Eric បាននិយាយថា នាឡិកាដែលជូនទៅ Speed គឺជាកាដូដែល Speed ទទួលបាន subscriber ៣០ លាន នៅលើទឹកដីអង្គរខេត្តសៀមរាប និងនៅព្រឹត្តិការណ៍ Gumball 3000 នេះតែម្ដង។
IShowSpeed បានមកកម្ពុជាក្នុងព្រឹត្តិការណ៍ Gumball 3000 នៅលើទឹកដីកម្ពុជា ហើយម្ចាស់ផ្ទះបានរៀបចំទទួលស្វាគមន៍តារា YouTube នោះយ៉ាងប្រណីត ហើយពេលទៅដល់សៀមរាប Speed ដើរលេងនៅ Pub-Street បានភ្លក់នំអាកោត្នោតខ្មែរស្ករទាញ ព្រមទាំងបានពាក់អាវកីឡាករជម្រើសជាតិខ្មែរលេខ 7 ដែលជាលេខរបស់កីឡាករ លឹម ពិសិដ្ឋ ថែមទៀតផង។
Speed មាន subscriber ៣០ លាន ដូចនេះតាមរយៈរូបភាពល្អៗពីកម្ពុជា គេរំពឹងថាតារាអ្នកគាំទ្រ YouTube រូបនេះដែលនៅបរទេស អាចមើលឃើញ និងមកទស្សនាកម្ពុជានាថ្ងៃណាមួយជាក់ជាមិនខាន៕