ការិយាល័យតំណាងស្ថានទូតស៊ុយអែតប្រចាំទីក្រុងភ្នំពេញ នឹងត្រូវបិទទ្វារពីថ្ងៃទី៣០ ខែកញ្ញានេះតទៅ ដោយស្ថានទូតបញ្ជាក់ថា រដ្ឋាភិបាលប្រទេសនេះ បានសម្រេចបញ្ចប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី ជាមួយកម្ពុជា។
លើទំព័រហ្វេសប៊ុករបស់ស្ថានទូតស៊ុយអែត ប្រកាសនៅថ្ងៃទី១៦ ខែកញ្ញា បានបញ្ជាក់ថា ការិយាល័យប្រចាំទីក្រុងភ្នំពេញ នឹងត្រូវបិទជាផ្លូវការ ដោយស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកក នឹងបន្តតំណាងឱ្យប្រទេសស៊ុយអែតនៅកម្ពុជា។
ស្ថានទូតដដែលបញ្ជាក់បន្ថែមថា ចាប់តាំងពីថ្ងៃទី១៦ ខែសីហា ការគ្រប់គ្រងការគាំទ្រដល់ប្រទេសកម្ពុជា យោងទៅតាមយុទ្ធសាស្រ្តតំបន់សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយអាស៊ី និងប៉ាស៊ីហ្វិក ត្រូវបានផ្ទេរទៅអង្គការសហប្រតិបត្តិការអន្តរជាតិអភិវឌ្ឍន៍ស៊ុយអែត ក្នុងទីក្រុង Stockholm។ ទន្ទឹមនឹងនោះ ស្ថានកុងស៊ុលស៊ុយអែតប្រចាំទីក្រុងភ្នំពេញនឹងបន្តបើក និងផ្តល់សេវាការទូតមូលដ្ឋានសម្រាប់ពលរដ្ឋស៊ុយអែតនៅកម្ពុជាដដែល។
បន្ថែមទៀតនោះ ស្ថានទូតក៏មិនភ្លេចបញ្ជាក់ថា ការបិទការិយាល័យតំណាងនេះ ក៏មានន័យស្ថានទូតនឹងបិទទំព័រ Facebook របស់ខ្លួនផងដែរនៅក្រុងភ្នំពេញ ដោយបានស្នើបន្តតាមដានស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកក និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងតំបន់ស៊ុយអែត នៅលើទំព័រ x @SwedeninAP ។
គួររំលឹកថា ស្ថានទូតស៊ុយអ៊ែតនៅភ្នំពេញ កន្លងទៅក៏ធ្លាប់បានបញ្ជាក់ម្តងហើយថា ខ្លួននឹងបិទទ្វារការិយានៅភ្នំពេញនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែទំនាក់ទំនងការទូតរវាងស៊ុយអែតនិងកម្ពុជានឹងនៅតែបន្តដដែល។
រដ្ឋាភិបាលស៊ុយអែត ធ្លាប់បានអះអាងថា ការបិទស្ថានទូត និងបញ្ចប់សហប្រតិបត្តិការទ្វេភាគីនេះ គឺជាផ្នែកមួយនៃការសម្របខ្លួនទៅតាមស្ថានភាពជាក់ស្តែងនៃអង្គការចាត់តាំងរបស់ខ្លួននៅឯបរទេស ហើយថានេះគឺជាដំណើរការផ្លាស់ប្តូរដោយទៀងទាត់មួយដែលប្រទេសស៊ុយអែត ពេលខ្លះបើក ឬបិទស្ថានទូត និងស្ថានកុងស៊ុលរបស់ខ្លួន ស្របតាមតម្រូវការជាក់ស្តែង៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម