ដូចប្រិយមិត្តដឹងហើយថា Gumball 3000 រៀបចំដោយក្រុមហ៊ុន ជីប ម៉ុង សហការជាមួយក្រសួងទេសចរណ៍ និងស្ថាបនិក Gumball 3000 គឺលោក Maximillion Cooper។ ដូចនេះហើយត្រកូលសេដ្ឋីនៃគ្រួសារ ជីប ម៉ុង បានត្រៀមខ្លួនចូលរួមសឹងតែទាំងអស់គ្នា។
នៅព្រឹកនេះដែរគេក៏សង្កេតឃើញលំដាប់សេដ្ឋី លាង ម៉េង ដែលជាសហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង បានបើកឡានដោយខ្លួនឯងតែម្ដង ដើម្បីធ្វើដំណើរទៅកាន់ខេត្តសៀមរាប ជាកន្លែងប្រារព្ធកម្មវិធីតាំងបង្ហាញរថយន្តទំនើបមុខប្រាសាទអង្គរវត្ត ដើម្បីបំបែកកំណត់ត្រាពិភពលោក។ មិនតែប៉ុណ្ណោះស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ផ្ទាល់គឺ លោកអ្នកឧកញ៉ា ភាព ហៀក ក៏បង្ហាញវត្តមានចូលរួមនៅសៀមរាបផងដែរ។
នេះជាឱកាសដ៏កម្រ និងមិនសូវបានឃើញឡើយ ដែលលំដាប់សេដ្ឋីទាំងគ្រួសារ ព្រមទាំងជាអ្នកឧកញ៉ាទាំងមូល បើកឡានខ្លួនឯងបែបនេះ។ ក្នុងឡានអ្នកឧកញ៉ា និងជាសេដ្ឋី លាង ម៉េង គឺមានអ្នកឧកញ៉ា លាង ឃុន ផងដែរ នោះជាទិដ្ឋភាពដ៏កម្រឃើញខ្លាំងណាស់ ហើយសម្រាប់បងប្អូនកូនសេដ្ឋីនៃគ្រួសារ ជីប ម៉ុង ម្នាក់ទៀត ដែលមហាជនស្គាល់រួចមកហើយនោះ គឺឧកញ៉ា លាង ពៅ ហៅ ភីធើ គឺជាអ្នកជ្រោមជ្រែងកម្មវិធីនេះយ៉ាងពេញទំហឹង។
កូនប្រុសម្នាក់ទៀតនៃត្រកូលសេដ្ឋី ជីប ម៉ុង គឺឧកញ៉ា លាង ហួង ក៏បង្ហាញវត្តមានជាមួយម្ដាយទៅសៀមរាបដែរ ដោយស្ថិតជាមួយក្បួនរថយន្ត Gumball 3000។ ក្រៅពីកូនៗប្រុសបង្កើតមហាសេដ្ឋីនីលោកអ្នកឧកញ៉ា ភាព ហៀក ហើយ ក៏ឃើញមានកូនប្រសាស្រី ព្រមទាំងចៅៗនៃគ្រួសារត្រកូល ជីប ម៉ុង ចូលរួមសឹងតែគ្រប់ៗគ្នា។
គួរបញ្ជាក់ថាឧកញ៉ា លាង ពៅ ហៅ ភីធើ បានយករថយន្តបានយករថយន្ត Bugatti Chiron តម្លៃជាង ៤ លានដុល្លារ ដឹកនាំក្បួន Gumball 3000 ឆ្ពោះទៅកាន់ខេត្តសៀមរាបទៀតផង៕