ក្នុងពិធីបើកព្រឹត្តិការណ៍ Gumball 3000 Rally នៅរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានតាំងបង្ហាញរថយន្ត ជ្រែរថយន្ត និងការប្រគុំតន្រ្តីខ្នាតធំបានទាក់ទាញការចូលរួមពីមហាជន ប្រជាជន យុវជនចន្លោះចាប់ពី៨-១០ម៉ឺននាក់។ បើតាមលោក គុជ បញ្ជាសារ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍។
លោក គុជ បញ្ជាសារ បានឲ្យដឹងថា បើតាមការគណនា និងការឯកភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងសមត្ថកិច្ច គឺក្នុងពិធីបើកព្រឹត្តិការណ៍ Gumball 3000 Rally នៅកម្ពុជា ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នារាត្រីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានទាក់ទាញការចូលរួមពីមហាជន ប្រជាជន យុវជនចន្លោះពី៨-១០ម៉ឺននាក់។
ព្រឹត្តិការណ៍ជួបជុំរថយន្តទំនើបៗប្រណិតដ៏ធំនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសស្វាគមន៍រថយន្តទំនើបប្រណីតៗ ជាច្រើនរយគ្រឿង នៃកម្មវិធី Gumball 3000 បានមកដល់កម្ពុជា ក៏ដូចជាម្ចាស់រថយន្ត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលបានជ្រើសរើសកម្ពុជា ក្នុងការរៀបចំកម្មវិធីនេះ នៅទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
គួរឲ្យដឹងថា ក្រុមហ៊ុន ជីប ម៉ុង គ្រុប ជាដៃគូសហការផ្ដាច់មុខរបស់ GUMBALL3000 ក្នុងការរៀបចំព្រឹត្តិការណ៍នេះនៅកម្ពុជាដែលមានការគាំទ្រពី ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធនានា ចំពោះថវិកាដែលទទួលបានពីការបរិច្ចាគ នឹងជូនទៅកាន់ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីស្នាមញញឹម និងជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ បណ្តាញសង្គម