ភរិយាអ្នកឧកញ៉ា ទ្រី ភាព គឺអ្នកឧកញ៉ា គៀន ស្រីនាង ដ៏ស្រស់ផូរផង់ ជាស្រ្តីរស់នៅក្នុងភាពថ្កើងថ្កាន លើគំនរទ្រព្យសម្បត្តិ។ បើក្រឡេកទៅមើលលើបណ្ដាញសង្គមរបស់សេដ្ឋីនីរូបនេះវិញមិនសូវបង្ហាញអ្វីច្រើនឡើយ ក្រៅពីការងារសប្បុរសធម៌ និងការងារសង្គម។
ស្រ្តីអភិជន គៀន ស្រីនាង និងជាភរិយាអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រីភាព គ្រុប ដែលធ្លាប់មានភាពល្បីល្បាញខាងជំនួញនាំឈើទៅក្រៅប្រទេស និងជាអ្នករកស៊ីចាក់គ្រឹះក្នុងវិស័យកសិកម្ម កំពង់ផែ ទេសចរណ៍ និងកាស៊ីណូជាដើម។
មួយរយៈចុងក្រោយនេះអ្នកឧកញ៉ា គៀន ស្រីនាង ក៏បានបង្ហាញមុខក្នុងកម្មវិធីរបស់សមាគមសិល្បករខ្មែរដែលដឹកនាំដោយសេដ្ឋីដូចគ្នាដែរនោះ គឺអ្នកឧកញ៉ា ម៉ៅ ចំណាន។ ពេលបង្ហាញវត្តមានចូលរួមក្នុងកម្មវិធីបែបផ្លូវការជាមួយអ្នកមានឋានៈមុខមាត់ដូចគ្នា ការរៀបចំរបស់សេដ្ឋីនីរូបនេះ ពិតជាគ្មានកន្លែងឲ្យទាស់ទាំងសម្លៀកបំពាក់ និងម៉ូដសក់។
ទោះជាមើលទៅសាមញ្ញ តែសម្លៀកបំពាក់នីមួយៗសុទ្ធតែជាប្រេន និងប្រភេទសាច់កំណាត់ល្អបំផុត។ ជាស្ត្រីមិនសូវបានមាត់បានកច្រើនប៉ុន្មានឡើយ តែអ្នកឧកញ៉ា គៀន ស្រីនាង ទទួលបានការគោរពស្រលាញ់ច្រើនពីមនុស្សជុំវិញខ្លួន។
ក្រឡេកទៅមើលរូបសម្រស់ភរិយាមហាសេដ្ឋីលំដាប់ជួរមុខនៅស្រុកខ្មែររូបនេះវិញ ឃើញថាស្អាត បែបស្រគត់ស្រគំ និងមានវ័យក្មេងថែមទៀត។ អ្វីដែលកាន់តែធ្វើឲ្យមហាជនគាំទ្រលួចសរសើរ អ្នកឧកញ៉ារូបស្រស់ ស្រីនាង គឺការទទួលបានការស្រលាញ់ គោរព និងឲ្យតម្លៃពីស្វាមី និងនាំទៅគ្រប់កម្មវិធីផ្លូវការដែលអ្នកឧកញ៉ា ទ្រី ភាព ចូលរួម។
កាលពីឆ្នាំ ២០២៣ កន្លងទៅភរិយាមហសេដ្ឋី ទ្រីភាព គឺសេដ្ឋីនី គៀន ស្រីនាង ត្រូវបានព្រះមហាក្សត្រ ព្រះនរោត្តម សីហមុនី សព្វព្រះរាជហឫទ័យ ឡាយព្រះហត្ថលេខា ត្រាស់បង្គាប់ តែងតាំង និងផ្តល់ឋានៈ ជាទីប្រឹក្សាក្រសួងកិច្ចការនារី មានឋានៈស្មើអនុរដ្ឋលេខាធិការ៕