សាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ជូនសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ពិធីនេះប្រព្រឹត្តទៅនៅសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ ខេត្តឃ្យុងសាងបុកដូ ប្រទេសកូរ៉េ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងឱកាសនៃការទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនេះសម្តេចហ៊ុន សែន ក៏បានផ្តល់កិត្តិយសធ្វើបាឋកថាស្តីពី “បទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ” ពីប្រទេសដែលហែកហួរដោយ សង្គ្រាម និងវាលពិឃាត មកជាប្រទេសជាតិដែលពោរពេញដោយសន្តិភាព ការរួមរស់ជាមួយគ្នា (សហត្ថិភាព) និងការអត់ឱន។
សាកលវិទ្យាល័យ ដុងហុក វ៉ាយស៍ គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយនៅ ក្នុងប្រទេស និងទទួលបានការគាំទ្រពីរដ្ឋាភិបាលកូរ៉េ ព្រមទាំងមានប្រវត្តិដ៏យូរអង្វែង និងបានចូលរួមយ៉ាងសកម្មក្នុងការអប់រំ និងលើកកម្ពស់គុណតម្លៃរបស់ប្រទេសជាតិ។
បច្ចុប្បន្នសាកលវិទ្យាល័យនេះមាន ១១មហាវិទ្យាល័យ ដែលមាន ៥៦ដេប៉ាតឺម៉ង់។ ការអប់រំនៅសាកលវិទ្យាល័យនេះ ផ្តោតសំខាន់លើទ្រឹស្តីរបស់ព្រះពុទ្ធពាក់ព័ន្ធនឹងការបង្កើនប្រាជ្ញាស្មារតី និងមានបេសកកម្មបណ្តុះបណ្តាលធនធានមនុស្សឱ្យមានសមត្ថភាព ដើម្បីចូលរួមកសាងសង្គមដ៏ភ្លឺស្វាងនិងត្រចះត្រចង់។ ទស្សនវិស័យនៃការអប់រំនេះ ស្របតាមកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ធនធានមនុស្សដែលមានសមត្ថភាព និងអ្នកដឹកនាំប្រកបដោយក្រមសីលធម៌ និងមនសិការ៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ