ក្រុមហ៊ុន Mugungwha Trust Co., Ltd. ដែលជាក្រុមហ៊ុនបរធនបាលកិច្ច រៀបចំ ថែទាំអគារទីក្រុង និងការអភិវឌ្ឍគម្រោងសាងសង់នានា បានស្នើសុំការអនុញ្ញាតិពីរាជរដ្ឋាភិបាលកម្ពុជា រួមចំណែក្នុងការចូលរួមក្នុងវិស័យបរធនបាលកិច្ច ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដូចជាក្នុងការអភិវឌ្ឍន៍តំបន់ទីក្រុងថ្មីៗ។
ក្នុងជំនួបនារសៀលថ្ងៃទី១០ ខែកញ្ញានេះ នៅទីក្រុងសេអ៊ូល លោក Oh Chang-seok ប្រធានក្រុមហ៊ុន Mugungwha Trust Co., Ltd. ស្នើសុំសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រុមហ៊ុនរបស់លោកបានទៅរួមចំណែក្នុងការចូលរួមក្នុងវិស័យបរធនបាលកិច្ច ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដូចជាក្នុងការអភិវឌ្ឍន៍តំបន់ទីក្រុងថ្មីៗជាដើម។
ទន្ទឹមនឹងនោះ លោកបានសុំការណែនាំពីសម្តេច ហ៊ុន សែន នៅក្នុងវិស័យបរធនបាលកិច្ចនេះ ដោយគិតថា ក្រុមហ៊ុនរបស់លោក អាចជាសសរដ៏រឹងមាំមួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា និងតំបន់។ នៅក្នុងទិសដៅនេះ ក្រុមហ៊ុនរបស់លោក ត្រៀមរួចជាស្រេចក្នុងការសិក្សាអំពីប្រព័ន្ធច្បាប់ធនាគារ ហិរញ្ញវត្ថុរបស់កម្ពុជា និងសហការជាមួយក្រុមហ៊ុនឯកជនកម្ពុជា ក្នុងការពង្រីកទីផ្សារបរធនបាលកិច្ច។
ប្រធានក្រុមហ៊ុន Mugungwha Trust រូបនេះបានបញ្ជាក់ថា សព្វថ្ងៃ នៅកម្ពុជា ក្រុមហ៊ុនចំនួន៨ កំពុងធ្វើការនៅក្នុងប្រព័ន្ធបរធនបាលកិច្ច ហើយលោកចង់ចូលរួមចំណែកលើកតម្កើងប្រព័ន្ធសព្វថ្ងៃឱ្យដល់កម្រិតខ្ពស់បន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចប្រធានព្រឹទ្ធសភា បានថ្លែងថា ប្រព័ន្ធបរធនបាលកិច្ចនៅកម្ពុជាដែលត្រូវបានបង្កើតឡើងប៉ុន្មានឆ្នាំមុននេះ មិនទាន់ដំណើរការរលូនទេ។ ប្រព័ន្ធនេះ ដូចប្រព័ន្ធទីផ្សារមូលបត្រ ទោះបីជាបានបង្កើតទៅហើយក្តី គឺពុំមានដំណើរការដោយរលូននោះទេ គឺមានភាពរអាក់រអួលនៅឡើយ។
សម្តេចមានប្រសាសន៍ថា ក្រោយពីវិបត្តិសេដ្ឋកិច្ចអាស៊ីនៅឆ្នាំ ១៩៩៧ ធនាគារមួយចំនួននៅភ្នំពេញបានដូលរលំ ហើយរាជរដ្ឋាភិបាលបានរៀបចំប្រព័ន្ធធនាគារឡើងវិញ ដោយធានាដល់ធនាគារដែលនៅសេសសល់ តែមានភាពរឹងមាំ និងនៅបន្តមកដល់សព្វថ្ងៃនេះ។ សម្ដេចបានបញ្ជាក់ថា សម្តេចមិននិយាយជំនួសរាជរដ្ឋាភិបាលកម្ពុជាទេ ក៏ប៉ុន្តែ សូមលើកទឹកចិត្តឱ្យក្រុមហ៊ុន សិក្សាលើទិដ្ឋភាពច្បាប់ដែលមានស្រាប់ និងទៅចាប់ដៃគូជាមួយក្រុមហ៊ុនកម្ពុជាដែលមានច្បាប់អនុញ្ញាតរួច ហើយត្រូវធ្វើសកម្មភាពឱ្យសកម្ម។ ជាក់ស្តែង វិស័យបរធនបាលកិច្ច ក៏ដូចជាទីផ្សារមូលប័ត្រ ទាមទារនូវជំនឿទុកចិត្តផ្នែកសេដ្ឋកិច្ច។
សម្តេចបានបន្ថែមថា អនុសាសន៍នេះ គឺដូចជា ក្រុមហ៊ុនរបស់លោក Oh Chang-seok ធ្វើដំណើរចូលក្នុងផ្លូវមួយ ដែលមានអ្នកដំណើររួចហើយ ហើយត្រូវធ្វើដំណើរជាមួយគេឯង កុំឱ្យគ្រោះថ្នាក់។ ប្រទេសកម្ពុជា ពិតជាមានតម្រូវការក្នុងវិស័យនេះដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត។ ជាមួយគ្នានេះផងដែរ សម្ដេចបានស្នើឱ្យក្រុមហ៊ុនទៅពិនិត្យមើលលើការវិនិយោគលើវិស័យផ្សេងទៀតក្រៅពីវិស័យបរធនបាលនេះ។
បន្ទាប់ពីទទួលអនុសាសន៍ពីសម្តេចប្រធានព្រឹទ្ធសភា ប្រធានក្រុមហ៊ុន Mugungwha Trust បានឲ្យដឹងថា លោកនឹងបន្តឱ្យក្រុមការងារចុះទៅធ្វើការសិក្សាលម្អិត និងពិគ្រោះយោបល់ជាមួយដៃគូកម្ពុជា និងពិនិត្យមើលការវិនិយោគនៅក្នុងវិស័យផ្សេងៗទៀត។ លោកគូសបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកបានមើលឃើញពីបរិយាកាសល្អរបស់កម្ពុជាសម្រាប់ការធ្វើវិនិយោគ ពីព្រោះកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ។ ម្យ៉ាងទៀត កម្ពុជា និងកូរ៉េមានទំនាក់ទំនងល្អនឹងគ្នា និងកិច្ចសហប្រតិបត្តិការគ្នាល្អប្រសើរ៕
អត្ថបទ៖ ផល កុសល រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ