នៅចំពោះមុខអ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភពលោក សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងគូសបញ្ជាក់ថា អាស៊ានពីតំបន់ដែលរត់តាមការអភិវឌ្ឍន៍ ទៅជាតំបន់ដែលចូលរួមជួយដឹកនាំកំណើតសេដ្ឋកិច្ចតំបន់ និងសកល ហើយបានក្លាយជាមហាអំណាចសេដ្ឋកិច្ចទី៥ លើពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុប (ផសស) ជាង៣ទ្រីលានដុល្លារអាមេរិក។
ពីប្រទេសកូរ៉េខាងត្បូង ក្នុងវេទិកាចំណេះដឹងពិភពលោក លើកទី២៥ ក្រោមប្រធានបទ «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និង វិបុលភាពក្នុងអាស៊ាន» នាថ្ងៃទី១០ ខែកញ្ញានេះ សម្ដេចហ៊ុន សែន ប្រធានរដ្ឋសភា បានថ្លែងថា អាស៊ានមានអំណាចចាយវាយធំ ជាមួយនឹងទីផ្សារដែលមានប្រជាជនលើសពី ៦៥០លាននាក់, ជាទីប្រជុំនៃរោងចក្រកម្មន្តសាល, កម្លាំងផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ប្រទាក់ក្រឡា និងជាបណ្ដុំនៃបណ្តាញពាណិជ្ជកម្មដ៏ធំ ទូលាយនៅទូទាំងពិភពលោក។
សម្ដេចមានប្រសាសន៍ថា៖ «ពីតំបន់ដែលរត់តាមការអភិវឌ្ឍទៅជាតំបន់ដែលចូលរួមជួយដឹកនាំកំណើនសេដ្ឋកិច្ចតំបន់ និងសកល, អាស៊ានបានក្លាយជាមហាអំណាចសេដ្ឋកិច្ចទី៥ នៅលើពិភពលោក ដែលមានផសស ជាង៣ទ្រីលានដុល្លារអាម៉េរិក, មានអំណាចចាយវាយធំ ជាមួយនឹងទីផ្សារដែលមានប្រជាជនលើសពី ៦៥០លាននាក់, ជាទីប្រជុំនៃរោងចក្រកម្មន្តសាល, កម្លាំងផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ប្រទាក់ក្រឡា និងជាបណ្ដុំនៃបណ្តាញពាណិជ្ជកម្មដ៏ធំ ទូលាយនៅទូទាំងពិភពលោក»។
សម្ដេចតេជោ ហ៊ុន សែន, នៅពេលអាស៊ានបង្កើតដំបូង នៅឆ្នាំ១៩៦៧ សមាជិកស្ទើរតែទាំងអស់ គឺសុទ្ធតែជាប្រទេសដែលទើបទទួលបានឯករាជ្យពីអាណានិគម។ នៅពេលដែលអាស៊ានបញ្ចូលសមាជិក បន្ថែមដែលមានកម្ពុជា, ឡាវ, មីយ៉ាន់ម៉ា និងវៀតណាម ក៏មានទស្សនៈមួយចំនួនដែលបង្ហាញ ពីទុទិដ្ឋិនិយមថា ការបញ្ចូលសមាជិកទាំងនេះ នឹងធ្វើឲ្យសេដ្ឋកិច្ច និងសមាហរណកម្មអាស៊ានមានភាពយឺតយ៉ាវ។
សម្ដេចថ្លែងអះអាងថា ស្ថានភាពជាក់ស្ដែង សេដ្ឋកិច្ចរបស់អាស៊ានទាំងមូល ពាណិជ្ជកម្មរវាងអាស៊ាន ជាមួយដៃគូ និងវិនិយោគពីខាងក្រៅមកកាន់អាស៊ាន គឺពុំមានថមថយនោះទេ ពោលមានតែរីកកើនឡើងជាលំដាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ ទោះបីជាពេលខ្លះ ក្នុងបរិបទសកល បានជួបប្រទះនឹងការ ធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងណាក៏ដោយ។ បន្ថែមពីនេះ អាស៊ានបានផ្តល់អាទិភាពខ្ពស់បំផុតទៅដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច ជាពិសេស ការបង្កើតឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូជាច្រើន ដូចជា កូរ៉េ ចិន ជប៉ុន អូស្ត្រាលី នូវែលហ្សេឡង់ ឥណ្ឌា ហុងកុង និង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។
ក្នុងនាមជាប្រទេសដែលទទួលផលចំណេញពីការធ្វើសមាហរណកម្មទាំងអស់នេះ សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា កម្ពុជាគាំទ្រជានិច្ចនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលសេរី បើកចំហ មានបរិយាប័ន្ន យុត្តិធម៌ និងតម្លាភាព ដោយមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។
បើតាមសម្តេច ហ៊ុន សែន អាស៊ានក៏បាន និងកំពុងគិតគូរស្វែងរកប្រភពកំណើន ដូចជា សេដ្ឋកិច្ចឌីជីថល អន្តរកាលបៃតង ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់កាន់តែប្រសើរ ការតភ្ជាប់ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនឹងអនុញ្ញាតឲ្យតំបន់បន្តសម្រេចបានមិនត្រឹមតែកំណើនសេដ្ឋកិច្ចខ្ពស់ប៉ុណ្ណោះទេ ថែមទាំងមានភាពធន់ និងចីរភាពនៃកំណើន ផងដែរ៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ