បើនិយាយដល់អ្នកលក់ឡេអនឡាញ មិនអាចរំលងបានឡើយម្ចាស់ប្រេន Miss ដែលស្វាមីអ្នកស្រីទើបទទួលបានការតែងតាំងជាអ្នកឧកញ៉ាកាលពីថ្ងៃ ៨ ខែកញ្ញា ឆ្នាំ ២០២៤ ថ្មីៗនេះឯង។ ស្ថាបនិកហ្គារ៉ាស H.Y 9999 Auto ឧកញ៉ា ឡាយ លីហួ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យផ្ដល់គោរមងារ ជា «អ្នកឧកញ៉ា»។
ជីវិតគ្រួសារអ្នកលក់ឡេអនឡាញលំដាប់ប្រទេសរូបនេះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស៊ីវីល័យឡើងៗហើយ ដោយសារតែជំនួញប្រាក់វាល់លានប្រពន្ធ និងប្ដី។
ស្វាមីថៅកែស្រីម្ចាស់ផលិតផលឡេ Miss Sunflower ឡៃ ស៊ូយៀក កាលពីអំឡុងចុងឆ្នាំ ២០២២ កន្លងទៅ លោក ឡាយ លីហួ ធ្លាប់ទទួលបានការត្រាស់បង្គាប់ផ្ដល់គោរមងារជា ឧកញ៉ា ដោយព្រះរាជក្រឹត្យលេខ នស/រកត/១២២២/១៥៣៧ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។
គូស្វាមីភរិយាដ៏មានទ្រព្យសម្បត្តិហូរហៀរនេះ ពិតជាចាយជីវិតឆើតឆាយ ចំណាយមិនញញើតដៃក្នុងការផ្ដល់រង្វាន់ដល់ខ្លួនឯង ដូចជាទិញឡានស៊េរីថ្មី គ្រឿងពេជ្រ និងរបស់របរប្រើប្រាស់គ្រឿងសម្អាងយីហោល្បីៗលំដាប់ពិភពលោក។
គូស្វាមីដែលល្បីខ្លាំងខាងលេងម៉ូដឡានរូបនេះ ក៏កំពុងកសាងផ្ទះលំហែនៅខេត្តទេសចរណ៍ដ៏សំខាន់របស់ខ្មែរ ដែលម៉ូដនោះចំណាយលើការសាងសង់ខ្ទង់សែនដុល្លារ។ ដោយសារតែជាអ្នកលក់ឡានស្រាប់ ដូចនេះហើយថៅកែឡេអនឡាញដ៏ហាយសូរូបនេះមិនខ្វះឡើយឡានទំនើបជិះ មានទាំង Brabus តម្លៃក្បែរលានដុល្លារ និង Lamborghini។
គ្រួសារអភិជននេះក៏នៅមានឡានប្រើប្រាស់លក្ខណៈគ្រួសារ និងឡានក្រុមហ៊ុនជាច្រើនបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការផ្លាស់ប្ដូរ និងឲ្យស័ក្តិសមជាអ្នកមានមុខមានមាត់ក្នុងសង្គម។ គួរបញ្ជាក់ថាដំណើរការអាជីវកម្មឡេអនឡាញរបស់អ្នកនាង ឡៃ ស៊ូយៀក កាក់កបកាន់តែខ្លាំងក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយ ហេតុដូចនេះមិនជាចម្លែកឡើយដែលអាចឲ្យគ្រួសារតូចនេះ រស់នៅលើផ្ទះធំដូចលំដាប់អ្នកមានៗក្នុងស្រុកដទៃទៀត៕
រូបភាព៖ FB Brand Miss