នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានពិភាក្សាលើបច្ចេកទេស និងទិដ្ឋភាពទូទៅសម្រាប់ត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឲ្យមានភាពរលូន ប្រកបដោយសុខសុវត្ថិភាព មានសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនិងបរិស្ថានល្អ។
លោក ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានណែនាំឲ្យពិនិត្យផ្គូរផ្គងវាយតម្លៃឲ្យបានច្បាស់លាស់ និងយុត្តិធម៌ទៅលើកម្លាំងចំណុះទូក ក៏ដូចជាកម្លាំងត្រៀមចៀសវាងកើតមានជាបាតុភាពមិនល្អណាមួយក្នុងព្រះរាជពិធី ហើយឆ្នាំនេះ តាមតួលេខបឋមមានទូកចូលរួមប្រណាំងសរុបជាង ៣០០ទូក និងប្រទីបចំនួន ៣៣ ដែលប្រទីបមានការកើនឡើងបើធៀបនឹងឆ្នាំទៅមិញមានប្រទីបចំនួន៣០។
លោកក៏បានលើកឡើង នឹងពិភាក្សាទៅលើស្ថានភាពគោលដៅទីតាំង ពេលវេលា និងវាយតម្លៃ សន្និដ្ឋានឲ្យបានត្រឹមត្រូវ ទៅតាមបច្ចេកទេស និងបទពិសោធដែលធ្លាប់បានរៀបចំកាលពីឆ្នាំមុនៗ ដោយផ្តោតសំខាន់ ទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ សុខភាព បរិស្ថាន អគ្គិសនី ការរៀបចំស្តង់ និងកន្លែងស្នាក់នៅរបស់កីឡាករ កីឡាការិនីទូកអុំ ទូកចែវ ផងដែរ។
បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់ទៅលើការរៀបចំក្លោងទ្វារ ទង់ បដា ភ្លើងបំភ្លឺ ដើមី្បធ្វើយ៉ាងណា ត្រូវរំលេចនូវអត្តសញ្ញាណរបស់ជាតិ ក្នុងការទាក់ទាញអារម្មណ៍ ដល់មហាជន ភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិ ដែលមកទស្សនាកំសាន្តក្នុងព្រះរាជពិធីបុណ្យឲមកបានយល់ដឹងអំពីប្រវត្តិសាស្ត្រដ៏ល្អផូរផង់របស់ជាតិ។
សូមជម្រាបជូនថា ពិធីបុណ្យប្រណាំងទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដែលមានរយៈពេល ៣ថ្ងៃតែម្តង គឺចាប់ពី ថ្ងៃ១៤ និង១៥កើត ដល់ថ្ងៃ ១រោច ខែកក្តិក ហើយពេលយប់ ក៏មានការបណ្តែតប្រទីបផងដែរ។ ចំណែកឯពិធីបុណ្យអកអំបុក សំពះព្រះខែវិញ ប្រារព្ធឡើងនៅថ្ងៃទី២ តែប៉ុណ្ណោះ ពោលគឺ នៅពាក់កណ្តាលរាត្រី នៃថ្ងៃ១៥កើត ខែកក្តិក៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម