នៅចំពោះមុខប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ឥណ្ឌូណេស៊ីសម្ដេច ហ៊ុន សែន បានលើកទឹកចិត្តដល់ឥណ្ឌូនេស៊ីក្នុងការបង្កើនទំហំពាណិជ្ជកម្មបន្ថែមទៀត ជាពិសេសក្នុងវិស័យសន្តិសុខស្បៀងដែលឥណ្ឌូនេស៊ីត្រូវការស្បៀងពីកម្ពុជាដូចជា ស្រូវ អង្ករ និងផលិតផលកសិកម្មដទៃទៀត។
សម្ដេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា កាលថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤។
ដូចទៅនឹងជំនួបជាមួយលោក ចូកូ វីដូដូ ពេលកន្លងទៅដែរកាលសម្តេចកាន់តំណែងនាយករដ្ឋមន្រ្តី លើកនេះ សម្តេច ហ៊ុន សែន ក៏បានចាត់ឱ្យលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ពិចារណាក្នុងការឲ្យក្រុមហ៊ុនឥណ្ឌូនេស៊ីមកដាក់ទុន ១០០% ក្នុងការបង្កើតឃ្លាំងការប្រមូលទិញស្រូវ បង្កើតជាម៉ាស៊ីនកិនស្រូវ និងការវិចខ្ចប់ដើម្បីដឹកជញ្ជូននាំចេញទៅឥណ្ឌូនេស៊ី និងបណ្ដាប្រទេសផ្សេងទៀត។
ពាក់ព័ន្ធនឹងក្នុងវិស័យសន្តិសុខស្បៀង កន្លងទៅក្នុងជំនួបរវាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងលោក Pahala Nugraha Mansury អនុរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ឥណ្ឌូណេស៊ី បានសម្រេចទិញអង្ករពីកម្ពុជាក្នុងបរិមាណ ១២៥ ០០០តោន ក្នុងនោះក្នុងនោះអង្ករសបរិមាណ១០០ ០០០តោន និងបរិមាណ ២៥ ០០០តោន ជាប្រភេទអង្ករប្រណិត ដើម្បីដោះស្រាយបញ្ហាសន្តិសុខស្បៀង។
កាលពីចុងឆ្នាំ២០២៣កន្លងទៅ អង្ករសកម្ពុជាប្រមាណ ៣,៥តោន ត្រូវបានដឹកទៅដល់ឥណ្ឌូណេស៊ីដែលជាការនាំចេញជើងដំបូងរបស់កម្ពុជា បន្ទាប់ពីជោគជ័យលើការចរចាបើកទីផ្សារកាលពីខែសីហា។
គួររំលឹកថា ក្នុងជំនួបរវាងលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងហ្សាកាតា លោក ចូកូ វីដូដូ បានបង្ហាញការពេញចិត្តដែលកម្ពុជា បានព្រមព្រៀងផ្គត់ផ្គង់អង្ករដល់ឥណ្ឌូនេស៊ីចំនួន ២៥ម៉ឺនក្នុងមួយឆ្នាំ។ ជាមួយគ្នានេះឥណ្ឌូនេស៊ី នឹងគាំទ្រកម្មវិធីសន្តិសុខស្បៀងរបស់កម្ពុជាវិញ តាមរយៈការផ្គត់ផ្គង់ជីកសិកម្មផងដែរ៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ