អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ នឹងចាប់ផ្តើមធ្វើការការហោះហើរសាកល្បងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ស្អែកដើម្បីធ្វើតេស្តឧបករណ៍បច្ចេកទេស។ នេះបើតាមរដ្ឋបាលខេត្ដតាកែវ ជូនដំណឹងពីការចុះចត និងហោះហើរសាកល្បង។
ការចាប់ផ្តើមហោះហើរសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍បញ្ជាការហោះហើរ និងធ្វើតេស្តឱ្យបានរួចរាល់មុនថ្ងៃដាក់ឱ្យដំណើរការហោះហើរជាផ្លូវការ នៅឆមាសទី១ ឆ្នាំ២០២៥។ ការហោះហើរសាកល្បងនេះ នឹងត្រូវធ្វើឡើងចំនួន ២ដង លើកទី១ មានរយៈពេល៥ថ្ងៃពីថ្ងៃទី០៨ ខែកញ្ញា ដល់ថ្ងៃទី១២ ខែកញ្ញា និងលើកទី២ មានរយៈពេល៦ថ្ងៃ ពីថ្ងៃទី២៣ កញ្ញា ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។
សារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយថា គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៤ គម្រោងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ សម្រេចបានជិត ៨៤% ដោយចំណាយទឹកប្រាក់សរុប អស់ចំនួនប្រមាណ ១២២០លានដុល្លារ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅចុងឆ្នាំ២០២៤នេះ។ បន្ទាប់ពីបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២៤ បើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ នឹងដាក់សម្ពោធជាផ្លូវការនៅក្នុងពាក់កណ្តាល ឆ្នាំ២០២៥។
ជម្រាបជូនថា អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ជាប្រភេទ 4F ដែលអាចទទួលការហោះហើរពីឆ្ងាយឆ្លងទ្វីបនូវប្រភេទយន្តហោះធុនយក្សរហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕
អត្ថបទ៖ ផល កុសល រូបភាព៖ បណ្តាញសង្គម