ថ្មីៗក្តៅៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់បែបបទ និងនីតិវិធីនៃការបញ្ចប់គោរមងារឧកញ៉ា ចំពោះបុគ្គលរូបណាមិនគោរពតាមអនុក្រឹត្យស្តីពី«បែបបទ និងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា» ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ចុះហត្ថលេខាដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ត្រង់មាត្រា២៨។
នៅក្នុងព្រះរាជក្រឹត្យខាងលើជំពូកទី៨ មាត្រា២៨ បានកំណត់គោរមងារឧកញ៉ាអាចត្រូវបានបញ្ចប់ ក្នុងករណី គោរមវន្តសុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត, គោរមវន្តមិនបំពេញកាតព្វកិច្ចបង់វភាគទានប្រចាំឆ្នាំរយៈពេល ៣ឆ្នាំជាប់គ្នាដោយគ្មានមូលហេតុ គោរមវន្តត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ, ត្រូវបានរកឃើញសកម្មភាពណាមួយដែលធ្វើឲ្យប៉ះពាល់កិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា និងត្រូវបានរកឃើញថាសំណុំឯកសារស្នើសុំគោរមងារឧកញ៉ារបស់គោរមវន្តមានការក្លែងបន្លំ។
អនុក្រឹត្យថ្មីដដែលនេះ ក៏បានបញ្ជាក់ឱ្យគោរមវន្ត ដែលមានទទួលបានគោរមងារជា «លោកអ្នកឧកញ៉ា», «អ្នកឧកញ៉ា» និង «ឧកញ៉ា» ត្រូវមានកាតព្វកិច្ច ប្រាក់វិភាគទានប្រចាំឆ្នាំ ជូនដល់រាជរដ្ឋាភិបាល រួមមាន៖ លោកអ្នកឧកញ៉ា៖ ៤០០ ០០០ ០០០ (បួនរយលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល១០ម៉ឺនដុល្លារ) អ្នកឧកញ៉ា៖ ៦០ ០០០ ០០០ (ហុកសិបលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល ១ម៉ឺន ៥ពាន់ដុល្លារ) និងឧកញ៉ា៖ ៣២ ០០០ ០០០ (សាមសិបពីរលាន) រៀលក្នុងមួយឆ្នាំ (ប្រហែល ៨ពាន់ដុល្លារ)។
សូមបញ្ជាក់ថា គោរមវន្តទាំងអស់ត្រូវបង់វិភាគទានប្រចាំឆ្នាំនេះ តាមរយៈសមាគមឧកញ៉ាកម្ពុជា ចំពោះគោរមវន្តដែលជាសមាជិកសមាគមឧកញ៉ាកម្ពុជា ត្រូវបានទទួលការលើកទឹកចិត្ត តាមរយៈការបន្ធូរបន្ថយចំពោះទំហំទឹកប្រាក់វិភាគទានប្រចាំឆ្នាំ តាមការសម្រេចរបស់នាយករដ្ឋមន្ត្រី៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ សមាគមឧកញ៉ាកម្ពុជា