ស្រីតូច ចំណាន ដែលមានឈ្មោះពិត ម៉ៅ ចំណាន ជាឈ្មោះអតីតពិធីការិនីដែលពូកែវោហារស័ព្ទ និងជាតារាចម្រៀងសំឡេងស្រទន់កាលពី ២០ ឆ្នាំមុន ពេលនេះក្លាយជាអ្នកមានជួរមុខនៅក្នុងស្រុកខ្មែរ។
ក្រោយក្លាយជាភរិយាគ្រួសារសេដ្ឋី គិត ម៉េង រួចមកការរស់នៅរបស់សិល្បកររូបនោះផ្លាស់ប្ដូរទាំងស្រុង។ បើទោះជាសេដ្ឋីនីលំដាប់ជួរមុខប្រទេស ប្រើរបស់របរថ្លៃៗ ពាក់មាសពេជ្រស្រោចខ្លួន និងសោយសុខលើគំនរទ្រព្យក៏ពិតមែន តែលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន មិនបានបោះបង់ការប្រឹងប្រែងតស៊ូ រៀនសូត្រ ចាប់យកអ្វីថ្មីៗ ដើម្បីបំពេញភាពខ្វះខាតរបស់ខ្លួន កាលពីក្មេង។
នៅថ្ងៃប្រកាស និងទទួលតំណែងជាប្រធានសមាគមសិល្បករខ្មែរ កាលពីខែឧសភាកន្លងទៅ អនុប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានលើកឡើងថា ក្ដីសុបិនតាំងពីក្មេងរបស់សេដ្ឋីនីហាយសូរូបនេះ គឺការក្រេបជញ្ជក់ចំណេះដឹងផ្នែកភាសាបរទេស ព្រោះកាលនៅក្មេងគ្មានពេលវេលាបានសាលារៀនដូចគេទេ។
ព្រោះតែអត្តចរិតល្អរកកន្លែងទាស់បែបនេះហើយ ទើបមហាជនយល់ឃើញថាអ្នកឧកញ៉ា ម៉ៅ ចំណាន ស័ក្តិសមជាមួយមហាសេដ្ឋីប្រចាំប្រទេស គឺអ្នកឧកញ៉ា គិត ម៉េង។
ដូចនេះរាល់ថ្ងៃអភិជនជាន់ខ្ពស់រូបនេះគ្រប់គ្រងពេលវេលា ឆ្លៀតរៀនបន្ថែម បើទោះជាមួយថ្ងៃរៀនចេះតែមួយពាក្យក៏បានដែរ។ ការខិតខំរៀនភាសាបរទេស គឺដើម្បីពេលជួបមិត្តភ័ក្ដិនៅក្រៅប្រទេសយ៉ាងហោចណាស់បាននិយាយអួតពីសម្បត្តិវប្បធម៌ដែលកម្ពុជាមាន ព្រោះកម្ពុជាមិនមែនមានតែសិល្បៈប៉ុណ្ណោះទេ កម្ពុជាសម្បូរភោគទ្រព្យច្រើនមែនទែន។
ភរិយាមហាសេដ្ឋីស្រុកខ្មែរអ្នកឧកញ៉ា គិត ម៉េង ជាស្ត្រីគ្រប់លក្ខណ៍ ជាមនុស្សវិជ្ជមាន គិតតែរឿងល្អ ចូលចិត្តធ្វើបុណ្យ ហើយក៏ទទួលបានការគោរពស្រលាញ់ពីសំណាក់មនុស្សជុំវិញខ្លួន។ ជំទាវដែលមានតែអ្នកគាំទ្រ សម្ដីមួយម៉ាត់ៗមិនទ្រគោះបោះបោក ធ្វើឲ្យគេចង់រួមការងារជាមយយ ហើយក៏ដាក់ខ្លួន មិនចេះវាយឫក និងលើកដៃសំពះអ្នកដទៃមុនជានិច្ច ព្រមទាំងបើកឡានដោយខ្លួនឯងមិនចាំបាច់មានតៃកុងឡើយ៕
រូបភាព៖ Royal Group និង Lok Chumteav Neak Oknha Mao Chamnan