ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីសរុប១,៦៦០រូប នាព្រឹកថ្ងៃទី៥ ខែកញ្ញានេះ សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែគាំទ្រចំពោះសកម្មភាពគណៈមេធាវី តាមរយៈការផ្តល់ថវិកាប្រចាំឆ្នាំសម្រាប់ការពារក្តីជូនជនក្រីក្រ ស្ត្រី និងក្មេងស្រីរងគ្រោះ ស្នើតែងតាំងតំណាងគណៈមេធាវីជាសមាជិកអាជ្ញាធរជាតិ និងគណៈកម្មាធិការនានា។
សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានទទួលស្គាល់តួនាទីរបស់មេធាវី ក្នុងការចូលរួមពង្រឹងនីតិរដ្ឋ តាមរយៈការតែងតាំងមេធាវីជាទីប្រឹក្សាច្បាប់ ជាមេធាវីប្រចាំរដ្ឋបាលរាជធានី-ខេត្តជាដើម។ សម្តេចបន្តថា ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលនឹងនៅតែបន្តគាំទ្រការផ្តល់ជំនួយផ្នែកច្បាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់បងប្អូន ប្រជាពលរដ្ឋក្រីក្រ និងខ្សត់ខ្សោយដែលត្រូវការសេវាមេធាវី ។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលបានផ្ដល់ថវិកាដល់គណៈមេធាវីចំនួន ២, ៩០០លានរៀលក្នុងមួយឆ្នាំ តាមរយៈកញ្ចប់ថវិកាប្រចាំឆ្នាំរបស់ក្រសួងយុត្តិធម៌ចំនួន ២,៦០០ លានរៀល និង កញ្ចប់ថវិការបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីចំនួន ៣០០លានរៀល សម្រាប់ជួយការពារក្តី និង ពិគ្រោះយោបល់ ផ្នែកច្បាប់ដល់ជនក្រីក្រ ស្រ្តី និង ក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សាផ្លូវភេទ និងអំពើបំពានលើសិទ្ធិ កិត្តិយស និង សេចក្ដីថ្លៃថ្នូររបស់ស្ត្រី»។
សម្តេចថ្លែងបន្តថា តាមរយៈការបញ្ចូលគណៈមេធាវីជាសមាជិកនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធ
យុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាល បានចាត់ទុកគណៈមេធាវីជាតួអង្គដ៏សំខាន់មួយក្នុងការចូលរួមការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា តាមរយៈការធ្វើអន្តរកម្មរវាងមេធាវីដែលជាអ្នកចូលរួមអនុវត្តច្បាប់ផ្ទាល់ជាមួយក្រសួងយុត្តិធម៌៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី