ជីវិតប្ដីប្រពន្ធឧកញ៉ា អ៊ឹង គីមហុង និងឧកញ៉ា សុខ ស្រីអូន នៅពេលនេះមានអ្វីៗទាំងអស់ក្នុងដៃមិនថាលុយឡានទំនើប ភូមិគ្រឹះ សម្ភារៈប្រេនលំដាប់ពិភពលោក ជាពិសេសកូនប្រុសស្រីទាំង ៤ ដ៏គួរឲ្យស្រលាញ់ ធ្វើឲ្យសុភមង្គលក្នុងគ្រួសារពេញបរិបូរណ៍។
និយាយពីមុខជំនួញប្ដីប្រពន្ធដែលមានគោរមងារជាឧកញ៉ាទាំង២ នាក់នេះ មានច្រើនសន្ធឹកដោយឧកញ៉ា អ៊ឺង គីមហុង ជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ TLL Real Estate Co., Ltd និងវិស័យកម្សាន្ត។ ចំណែកឧកញ៉ា សុខ ស្រីអូន ធ្លាប់មានអាជីវកម្មជាច្រើន ក្រុមហ៊ុន យូភីភី សាឡន & ខូសស្មិចតិច ព្រមទាំងជាម្ចាស់កាបូបម៉ាក Hermès តម្លៃ ៥០ ម៉ឺនដុល្លារ និងថ្មីៗគូស្នេហ៍ដែលមមាញឹកក្នុងជំនួញគូនេះ បានបើកហាងលក់ម៉ូតូបន្ថែមទៀត។
បើទោះជារស់នៅលើភូមិគ្រឹះតម្លៃប្រហែល ៥ លានដុល្លារ មានលុយដើរលេងចាយជីវិតយ៉ាងហាយសូនៅបរទេសក្តី តែសេដ្ឋីនី និងជាឧកញ៉ា សុខ ស្រីអូន ឬជំទាវតូច មិននៅទំនេរឡើយ ពោលគឺនៅបន្តរបរអនឡាញ និងអង្គុយឡាយលក់ដោយខ្លួនឯង។ ព្រោះតែឆ្លងកាត់ការលំបាកច្រើនតាំងពីចាប់ដៃគ្នា ២០ ឆ្នាំមកនេះ ទាំងប្ដី និងប្រពន្ធមិនចោលការងារឡើយ ពោលត្រូវចុះទៅមើលផ្ទាល់ៗ និងធ្វើដោយខ្លួនឯងតែម្ដង។ ឧកញ៉ាហាយសូទាំងពីរនាក់ប្ដីប្រពន្ធនេះ មិនចេះវាយឫកឡើយឲ្យតែទំនេរ នាំគ្នាឡាយលក់ទំនិញខ្លួនឯងផ្ទាល់ ហើយក៏ជាមនុស្សមានចិត្តសន្តោសប្រស់ប្រណីដល់អ្នកដទៃ។
ជំទាវតូច ជាមនុស្សរៀបចំខ្លួនបានត្រូវទៅនឹងកាលៈទេសៈ ឧទាហរណ៍ពេលនៅផ្ទះ ឬទៅណាដែលមិនមែនជាកម្មវិធីផ្លូវការ សម្លៀកបំពាក់ក៏ធម្មតាដែរ។ តែបើចូលរួមកម្មវិធីផ្លូវការហើយនោះ ឧកញ៉ា ស្រីអូន ត្រូវតែស្អាតខ្ញង់ទាំងឈុត ការផាត់មុខ អ្វីដែលសំខាន់បំផុតនោះ គឺគ្រឿងអលង្ការពេជ្រ ឬមាស តាមស្ថានភាពជាក់ស្ដែង មិនឲ្យចាញ់អ្នកមានៗដទៃឡើយ។
គួរបញ្ជាក់ផងដែរថា កាលពីដើមខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះលោកស្រី សុខ ស្រីអូន ភរិយាឧកញ៉ា អុឹង គីមហុង រហ័សនាម «ឧកញ៉ាគួរឱ្យស្រឡាញ់» ម្ចាស់បុរី TLL ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» នៅថ្ងៃ ២៦ ខែមិថុនា ឆ្នាំ ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕