លោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានបន្ដជួបជាមួយពលរដ្ឋរងគ្រោះចំនួន ៣៩៧នាក់ទៀត ក្នុងសំណុំរឿងក្រុមហ៊ុន ប្រ៊ីលាន សុីធី វើលដ៍ ឯ.ក ក្នុងជំនួបលើកទី១២ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។
យោងលើទំព័រហ្វេសប៊ុករបស់ក្រុមមេធាវីរាជរដ្ឋាភិបាល សរុបជំនួបទាំង ១២លើក ក្រុមមេធាវីរាជរដ្ឋាភិបាល ទទួលបានការប្រគល់សិទ្ធិពីពលរដ្ឋរងគ្រោះ សរុបចំនួន៤,១១១នាក់ ។ ជំហានបន្ទាប់ ក្រុមមេធាវីរាជរដ្ឋាភិបាល នឹងចុះតាមបណ្ដាខេត្តតែម្ដង ដើម្បីផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋរងគ្រោះ សំដៅកាត់បន្ថយការចំណាយក្នុងការធ្វើដំណើរមករាជធានីភ្នំពេញ។
លោក គី តិច បានថ្លែងថា ជំហានបន្ទាប់ទៅមេធាវីរាជរដ្ឋាភិបាល នឹងចុះទៅខេត្តសៀមរាប ដើម្បីជួបជាមួយជនរងគ្រោះផ្សេងទៀតដែលនៅសេសសល់ ខណៈលើកនេះជំនួបចុងក្រោយសម្រាប់អ្នកនៅរាជធានីភ្នំពេញ និងជនរងគ្រោះដែលនៅក្បែររាជធានីភ្នំពេញ។ លោកថា សម្រាប់ជំនួបនៅខេត្តសៀមរាប ក្រុមមេធាវីរាជរដ្ឋាភិបាល នឹងជូនដំណឹងអំពីពេលវេលាជាក់លាក់នៅពេលក្រោយ។
បើតាមប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលរូបនេះ ការជួបប្រជាពលរដ្ឋរងគ្រោះក្នុងគោលបំណងធំចំនួន២ រួមមានទី១៖ ការប្រគល់សិទ្ធិជាតំណាងដោយស្របច្បាប់ជូនមេធាវី តាមរយៈការផ្ដិតមេដៃដោយស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំ និងទី២៖ ប្រមូលយកភស្ដុតាងដែលបញ្ជាក់ថា ពួកគាត់ជាជនរងគ្រោះយ៉ាងពិតប្រាកដ។
ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលរងគ្រោះក្នុងករណីគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាល សម្តេច ហ៊ុន ម៉ាណែត សម្រេចប្រគល់ភារកិច្ចជូនលោក គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋនៅក្នុងសំណុំរឿងទាំងឡាយដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និងស្ថាប័នតុលាការ។
នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានស្នើមេធាវីរាជរដ្ឋាភិបាល ព្រមទាំងស្ថាប័នមានសមត្ថកិច្ចទាំងអស់ដែលមានការពាក់ព័ន្ធ ខិតខំយកចិត្តទុកដាក់ក្នុងការការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងសំណុំរឿងនេះ ហើយធានាឱ្យបាននូវការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ទៅតាមនីតិវិធីជាធរមាន។ សម្តេចបានអះអាងថា រាជរដ្ឋាភិបាល នឹងបន្តតាមដានដោយយកចិត្តទុកដាក់លើសំណុំរឿងនេះ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកក្រុមមេធាវីរាជរដ្ឋាភិបាល