ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB បានអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៩៣.៦លានដុល្លារអាមេរិកដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋានដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ននៅទីជនបទសម្រាប់ ៨៨,០០០គ្រួសារក្នុងភូមិចំនួន ៤00 នៃឃុំចំនួន៥០ ក្នុង៩ខេត្តនៃប្រទេសកម្ពុជា។
ADB បានបញ្ជាក់ថា កម្មវិធីនេះ នឹងលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន ក្នុងការផ្តល់សេវាផ្គត់ផ្គង់ទឹកមាន សុវត្ថិភាព។ វាក៏មានគោលបំណងធានាភាពធន់នឹងអាកាសធាតុនៃគ្រឿងបរិក្ខារ WASH តាមរយៈការបន្ថែម គំនិតកាន់តែច្រើនអំពីការប្រែប្រួលអាកាសធាតុទៅក្នុងការធ្វើផែនការការរចនា និងការអនុវត្តកម្មវិធី។ កម្មវិធីនេះនឹងពង្រឹងការសម្របសម្រួលក្នុងចំណោមភាគីពាក់ព័ន្ធ និងការធ្វើវិមជ្ឈការមុខងារ ដើម្បីធានាបាននូវការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព។
លើសពីនេះ កម្មវិធីនេះក៏មានរួមបញ្ចូលជំនួយឥតសំណងចំនួន ៣លានដុល្លារពីមូលនិធិជប៉ុនសម្រាប់វិបុលភាព និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR) ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការពង្រីកបរិក្ខារ WASH នៅក្នុងខេត្តមានប្រជាពលរដ្ឋក្រីក្ររស់នៅទីជនបទដែលប្រឈមមុខខ្លាំង នឹងបញ្ហាទទួលបានការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន។ បើតាម ADB កម្មវិធីនេះ នឹងផ្តោតសំខាន់លើការជួយដល់ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ និងស្ទឹងត្រែង។
ជាមួយគ្នានេះ ជំនួយបច្ចេកទេសចំនួន ៦០០,០០០ដុល្លារដែលផ្តល់ហិរញ្ញប្បទានដោយបរធនបាលភាពជាដៃគូផ្តល់ហិរញ្ញប្បទានអនាម័យនៃមូលនិធិភាពជាដៃគូផ្តល់ហិរញ្ញប្បទានអនាម័យ នឹងគាំទ្រការពង្រឹងសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់វិស័យសំខាន់ៗទាក់ទងនឹងផ្នែកនេះ៕
អត្ថបទ៖ ផល កុសល រូបភាព៖ បណ្តាញសង្គម