សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីផេកផ្លូវការ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលផ្តោតការកសាងផ្លូវក្រវ៉ាត់ព្រំដែន បានបង្កើតផេកមូលនិធិផ្លូវការដែលមានឈ្មោះថា «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន- FBID» ទទួលបានសញ្ញាធីកពណ៌ខៀវ (Verify) ពីហ្វេសប៊ុក ដើម្បីផ្តល់ជូននូវព័ត៌មាន និងវឌ្ឍនភាពការងាររបស់មូលនិធិចែកជូនដល់សាធារណជន បងប្អូន អ៊ំពូមីង តាយាយ កាន់តែទូលំទូលាយបន្ថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
ខណៈដែលមកដល់ពេលនេះមាន សាធារណជន បងប្អូន អ៊ំពូមីង តាយាយ ចូលរួមបរិច្ចាកជាប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ហើយ។ នេះជាសញ្ញាបង្ហាញឱ្យឃើញថាប្រជាជនកម្ពុជាពិតជាស្រលាញ់ទឹកដី និងសាមគ្គីគ្នាបានយ៉ាងល្អ។ ជាមួយគ្នានេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានធ្វើលិខិតថ្លែងអំណរគុណដល់បរិច្ចាគថវិកាចូលរួមក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” គ្រប់ៗគ្នាផងដែរ៕