កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤នេះ មានរថយន្តប្រណីតៗទំនើបៗប្រមាណ ៨០គ្រឿង បានចូលរួមបើកបរសាកល្បង (Drag Race) នៅបរិវេណព្រលានយន្តហោះសៀមរាបចាស់ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ក្នុងកម្មវិធី Pre-event នៃព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ។
ការបើកបរសាកល្បងនាពេលនេះ គឺមានរថយន្តប្រណីតៗប្រមាណ៨០គ្រឿង ដូចជាម៉ូដែល McLaren, Rolls-Royce, Lamborghini, Aston Martin, Bugatti, Mercedes-Benz, Porsch, Jaguar, BMW, Ferroari, Ford, Nissan, Toyota ជាដើម។ បើតាមអ្នករៀបចំព្រឹត្តិការណ៍នេះ ការបើកបរសាកល្បង មានចម្ងាយប្រមាណ ៤០០ម៉ែត្រ។
សម្រាប់ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ជាផ្លូវការនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤។ នៅថ្ងៃទី១៥ ប្រតិភូ Gumball 3000 ធ្វើដំណើរចាកចេញពីទីក្រុងហូជីមិញ ប្រទេសវៀតណាម ចូលមកកាន់កម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ
បាវិត និងបន្តឆ្ពោះមកកាន់រាជធានីភ្នំពេញ។ នៅថ្ងៃទី១៦ ប្រតិភូ Gumball 3000 ចាកចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប។
ចំណែកនៅថ្ងៃទី១៧ ប្រតិភូ Gumball 3000 នឹងទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គវត្ត និងមានការតាំងបង្ហាញរថយន្តប្រតិភូ Gumball និងរថយន្តក្នុងស្រុក Sport Car, Super Car, Luxury Car ដើម្បីបំបែកកំណត់ត្រា Guinness World Records មុខប្រាសាទអង្គរវត្ត។ បន្ទាប់មក គណៈប្រតិភូ Gumball 3000 នឹងធ្វើដំណើរចាកចេញពីខេត្តសៀមរាប ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីបន្តដំណើរទៅប្រទេសថៃ មុនបន្តឆ្លងកាត់ប្រទេសម៉ាឡេស៉ី បញ្ចប់នៅប្រទេសសិង្ហបុរី។
គួរឲ្យដឹងដែរថា ព្រឹត្តិការណ៍ Gumball 3000 គឺជាព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលពោរពេញដោយក្បួនរថយន្តទំនើបៗ ហើយនឹងត្រូវចូលរួមដោយតារាល្បីៗ អ្នកផលិតមាតិកាល្បីៗលំដាប់អន្តរជាតិ YouTuberល្បីៗ អ្នកធុរកិច្ច និងអ្នកវិនិយោគនានាជុំវិញពិភពលោក ។ ព្រឹត្តិការណ៍នេះ នឹងជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ធុរកិច្ច និងវិនិយោគរបស់កម្ពុជាបន្ថែមទៅលើឆាកអន្តរជាតិ ពិសេស យុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ក្នុងគោលដៅទាក់ទាញទេសចរ និងវិនិយោគិនមកកាន់កម្ពុជាកាន់តែច្រើន ។ លើសពីនេះ ព្រឹត្តិការណ៍ Gumball 3000 នឹងមានមូលនិធិរៃអង្គាសប្រាក់ ដែលនឹងត្រូវបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរផងដែរ៕
អត្ថបទ៖ ផល កុសល រូបភាព៖