ថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
ប្រកាសបង្កើតមូលនិធិនេះឡើងដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
ភ្លាមៗក្រោយរាជរដ្ឋាភិបាលប្រកាសបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្រុមហ៊ុនខ្នាតយក្សរបស់កម្ពុជាចំនួន ៣ បានចេញមុខបរិច្ចាគខ្ទង់លានដុល្លារក្នុងមួយក្រុមហ៊ុន។ ក្នុងនោះក្រុមហ៊ុន ជីបម៉ុង គ្រុប របស់មហាសេដ្ឋី លាង ឃុន បរិច្ចាគ ១លានដុល្លារ, ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់មហាសេដ្ឋី គិត ម៉េង បរិច្ចាគ ១លានដុល្លារ និងក្រុមហ៊ុន ទ្រី ភាព គ្រុប របស់មហាសេដ្ឋី ទ្រី ភាព ចូលរួមបរិច្ចាគចំនួន ១លាន២សែនដុល្លារ។
«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលប្រមុខរាជរដ្ឋាភិបាលទើបប្រកាសបង្កើត កំពុងទទួលបានការគាំទ្រ និងចូលរួមយ៉ាងផុសផុលពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម