ក្រឡេកមកមើលជីវិតបែបហាយសូរបស់អ្នកលក់អនឡាញ ២ រូបដែលតែងតែចែករំលែកចំណេះដឹង ការអប់រំផ្លូវចិត្ត និងការធ្វើទានផ្សេងៗ។ គ្រួសារអ្នកជំនួញអនឡាញទាំង ២ គ្រួសារនេះដែរ មិនធ្លាប់មានរឿងរកាំរកូស និងបែកគ្នាហែកហួរផ្អើលបណ្ដាញសង្គមឡើយ ដូចនេះទើបហ្វេនៗហៅថាគ្រួសារគំរូ។
អ្នកលក់អនឡាញល្បីឈ្មោះ នោះមើលការរស់នៅមិនរញ៉េរញ៉ៃ និងថ្លៃថ្នូរគួរឲ្យគោរព។ ទី១ ម្ចាស់ផលិតផល Nimol Felix ដែលអ្នកគាំទ្រហៅ ម៉ាក់អូនភូ កំពុងរស់នៅភូមិគ្រឹះយ៉ាងស្កឹមស្កៃ បណ្ដោយ ៤៥ ម៉ែត្រ ទទឹង ៦០ ម៉ែត្រ យ៉ាងផ្អែមល្ហែមនៅក្រុមគ្រួសារ ហើយគ្រាន់តែរបងភូមិគ្រឹះ ក៏មានភាពប្រណីតបាត់ទៅហើយ កុំថាឡើយដល់ភូមិគ្រឹះដ៏ល្វឹងល្វើយនោះ ដែលតម្លៃខ្ពស់ខ្លាំងណាស់ ប្រហែលខ្ទង់ ១០ លានដុល្លារទៅហើយ។
ផ្ដើមចេញពីបុគ្គលិករបស់ទីភ្នាក់ងារផ្សាយពាណិជ្ជកម្មទេសចរណ៍មួយ អ្នកនាង Nimol FeIix បានបង្កើតប្រេនផលិតផលផ្ទាល់ខ្លួននៅក្នុងឆ្នាំ ២០១៥ ដែលធ្វើឲ្យពេលនេះអ្នកម្ដាយកូន១ ដ៏សែនហាយសូរូបនេះរស់នៅយ៉ាងសប្បាយអស់ដៃជីវិតដ៏ស្រស់បំព្រង និងពោរពេញទៅដោយសម្ភារៈនិយម។ ដូចថ្មីៗនេះ អ្នកនាង និងស្វាមីបានហោះទៅអាល្លឺម៉ង់ កុម្ម៉ង់ឡានទំនើប Mercedes-Benz G 63 AMG GCD 920ពីទីនោះផ្ទាល់តែម្ដង។ មិនត្រឹមទៅកុម្ម៉ង់ឡានផ្ទាល់ពីអាល្លឺម៉ង់ Nimol Felix ក៏បានបន្តដំណើរជុំវិញអឺរ៉ុបតែម្ដង។ ក្រៅពីរបរអនឡាន ស្វាមីម្ចាស់ផលិតផល Felix ក៏មានជំនួញស្អេកស្កះពេញដៃថែមទៀត រហូតអ្នកតាមដានបណ្ដាញសង្គមហៅថា គ្រួសារសេដ្ឋីស្រុកខ្មែរ។
ចំណែកម្នាក់ទៀតគឺឧកញ៉ា ស្រី ណារួម ហៅ ម៉ែរួយ ដែលទើបឡើងភូមិគ្រឹះថ្មីថ្មោងនេះ។ ក្រៅពីមានកេរ្តិ៍ឈ្មោះក្នុងវិស័យអនឡានហើយ គ្រួសារនេះ ក៏គ្មានរឿងអាស្រូវជាមួយអ្នកដទៃឡើយ ហើយក៏គ្មានបក្សពួកអ្វីជាមួយអ្នកនៅក្នុងវិស័យដូចគ្នានេះដែរ។ អ្នកលក់ឡេដ៏មានប្រជាប្រិយភាពរូបនេះ បានសាងសង់ភូមិគ្រឹះផ្ទាល់ខ្លួនដ៏ធំស្កឹមស្កៃមួយ នៅផ្លូវលេខ ៥៩៨ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងទើបបានបញ្ចប់ការដេគ័ររួចរាល់ ១០០% កាលពីចុងឆ្នាំមុន។
ភូមិគ្រឹះសេដ្ឋីនី រួយ មានទីតាំងធំទូលាយ ដោយក្នុងនោះមានទាំងនៅកន្លែងទទួលទានអាហារ កន្លែងទទួលភ្ញៀវ បន្ទប់ខោអាវ បន្ទប់គេង និងបន្ទប់ផ្សាយផ្ទាល់ សម្រាប់ការជជែកលេងជាមួយបងប្អូន។ សរុបទៅ ភូមិគ្រឹះនេះមានតម្លៃប្រហែល ១០ លានដុល្លារទាំងការតុបតែងផ្សេងៗ ហើយក្រៅពីផ្ទះធំទូលាយហើយនោះ ម៉ែរួយ នៅមានឡានទំនើបរាប់សិបគ្រឿងតម្រៀបចតពេញខាងមុខ។
ម៉ែរួយ មិនត្រឹមចូលចិត្តចែករំលែករឿងល្អ និងអប់រំ ព្រមទាំងការធ្វើបុណ្យ ព្រមទាំងធ្វើទានផ្សេងៗ។
មុនទទួលបានជោគជ័យដូចសព្វថ្ងៃ ម៉ែរួយ ធ្លាប់ធ្វើការនៅប្រទេសថៃ និងត្រូវបានថៅកែជេរស្ដី មើលងាយគ្រប់សារពើ ទម្រាំមានបានដូចមើលឃើញពេលនេះ៕