ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ ស៊ីហនុ ស្តេចយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន នាព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤។
បើតាមព្រះរាជសារមួយផ្ញើជូនជនរួមជាតិ ព្រះអង្គទាំងទ្វេ ស្តេចបានយាងចាកចេញពីរាជធានីភ្នំពេញ ដើម្បីពិនិត្យព្រះរាជសុខភាពនៅចិន ចាប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះតទៅ។ ព្រះរាជសារដដែល ទ្រង់មានព្រះបន្ទូលថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាមជាប្រមុខរដ្ឋស្តីទីនៃកម្ពុជា»។
គួរឲ្យដឹងថា ជារៀងរាល់៦ខែម្តង ព្រះមហាក្សត្រ និងព្រះមហាក្សត្រី តែងតែយាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន តាមការយាងរបស់ក្រុមគ្រូពេទ្យចិន។ ក្នុងអំឡុងពេលព្រះរាជអវត្តមានរបស់ព្រះមហាក្សត្រនេះ រាល់ព្រះរាជកិច្ច ត្រូវបានប្រគល់ជូនប្រធានព្រឹទ្ធសភាដែលជាប្រមុខរដ្ឋស្តីទី៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី