ស្ងាត់ៗ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានទៅដល់ប្រទេសថៃ ដើម្បីអបអរសាទរជូនលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងកូនស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលទើបជ្រើសតាំងជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសថៃ ជាលក្ខណ:គ្រួសារ និងក្រៅផ្លូវការ។
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានឲ្យដឹងលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននាល្ងាចថ្ងៃទី២៥ ខែសីហានេះថា លោកបានធ្វើដំណើរកំសាន្តជាលក្ខណៈគ្រួសារ និងទទួលទានអាហារដ៏រីករាយនៃចំណងគ្រួសារទាំងពីរ (គ្រួសារសម្តេច ហ៊ុន សែន និងគ្រួសារថាក់ស៊ីន ស៊ីណាវ៉ាត្រា) របស់យើងមានហើយនឹងនៅតែរឹងមាំ។
រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈរូបនេះ ក៏បានប្រកាសអបអរសាទរលោក ថាក់ស៊ីន ទើបត្រូវបានព្រះមហាក្សត្រថៃសម្រេចលើកលែងទោសពេញលេញ និងអបអរសាទរលោកស្រី ផែថនថាន ដែលត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីថៃថ្មី ដែលលោកហៅថា បងស្រី Ong Ing។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏មិនភ្លេចបញ្ជាក់ផងដែរថា ថ្ងៃនេះលោកមកជាលក្ខណៈគ្រួសារ តែលោកថាបើទោះជាកាលៈទេសៈផ្លូវការមកដល់ វាជារឿងមួយទៀត៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកលោក ហ៊ុន ម៉ានី