ក្នុងរយៈពេល ១ឆ្នាំ គិតចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម សម្រេចបង្កើនលទ្ធភាពនៃការផ្គត់ផ្គង់ទឹកស្រោចស្រពបានជាង ៣០០០០ហិកតា តាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម។ នេះបើតាមលោក ថោ ជេដ្ឋា ក្នុងកិច្ចប្រជុំបូកសរុបការងាររយៈពេល ១ឆ្នាំលើវិស័យធនធានទឹក និងឧតុនិយម។
កាលថ្ងៃទី២១ ខែសីហា លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា គិតមកដល់ពេលនេះគឺគម្រប់រយៈពេល ១ឆ្នាំ នៃការចូលកាន់តំណែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ហើយដែលបានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបានកំណត់វិស័យអាទិភាពគន្លឹះចំនួន ៥គឺ៖ មនុស្យ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
លោកបញ្ជាក់ឱ្យដឹងថា ក្រសួងធនធានទឹក បានកំណត់នូវចក្ខុវិស័យសម្រាប់ការដឹកនាំ និងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រត្រឹមត្រូវច្បាស់លាស់សម្រាប់អនុវត្ត ដោយបានកំណត់នូវអាទិភាពការងារ និងបានរៀបចំជាផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងមានវិធានការដោះស្រាយច្បាស់លាស់លើវិស័យធនធានទឹក និងឧតុនិយម ដើម្បីការពារ ថែរក្សាគ្រប់គ្រងដែនព្រៃលិចទឹក គ្រប់គ្រងធនធានទឹក និងអាងទន្លេ ធានាបាននូវសន្តិសុខទឹក សំដៅចូលរួមចំណែកក្នុងការទ្រទ្រង់និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ពីការងារឆ្លើយតបភ្លាមៗ ចំពោះបញ្ហាទឹកជំនន់ទឹកភ្លៀង និងគ្រោះរាំងស្ងួតនៅតាមបណ្តាខេត្តមួយចំនួន ដោយបានសហការយ៉ាងល្អជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។
លោកបានគូសបញ្ជាក់ថា លទ្ធផលការងារដែលសម្រេចបានរយៈពេល ១ឆ្នាំនេះនឹងក្លាយជាកម្លាំងចលករជំរុញការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ក៏ដូចជាដៃគូអភិវឌ្ឍន៍ ដើម្បីបន្តអនុវត្តផែនការការងារ សំដៅរួមចំណែកដល់ការអនុវត្តឱ្យបានជោគជ័យនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រសួងធនធានទឹក