សេដ្ឋីខ្មែរពីររូប មកពីស្ថាប័នផ្សេងគ្នា ប្តេជ្ញាចិត្តចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយពីកម្មវិធី និងគោលនយោបាយនានារបស់ក្រសួងដើម្បីសម្រេចបាននូវចក្ខុវិស័យដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
កាលពីថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈនៃការយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ពិធីចុះហត្ថលេខាធ្វើឡើងរវាងលោករដ្ឋមន្រ្តី ហេង សួរ ជាមួយឧកញ៉ា ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក វេសឡាញ អេឌ្យូខេសិនគ្រុប និងលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធានសមាគមសិល្បករខ្មែរ។
លោក ហេង សួរ បានឲ្យដឹងថា អនុស្សរណៈនាពេលនេះ គឺជាកិច្ចសហការថ្មីបន្ថែមមួយទៀតដែលនឹងបង្កើនប្រសិទ្ធភាពលើកិច្ចសហការក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាការចូលរួមចំណែកពីវិស័យឯកជនដើម្បីចូលរួមគាំទ្រយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាកម្ពុជា។
បន្ថែមពីនេះ កិច្ចសហការនេះនឹងសម្រេចបាននូវការបណ្តុះបណ្តាលចំណេះ ជំនាញដល់យុវជន និងពលរដ្ឋកម្ពុជាបន្ថែមទៀតក្រៅពីការបណ្តុះបណ្តាលក្រោមឱវាទរបស់ក្រសួងដើម្បីអាចឱ្យពលរដ្ឋចាប់យកឱកាសការងារដ៏សម្បូរបែបក្នុងទីផ្សារសម្រាប់ពង្រឹងជីវភាពឱ្យកាន់តែប្រសើរ។ ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានបើកជំហរចំពោះវិស័យឯកជនសម្រាប់ការប្រើប្រាស់មន្ទីរពិសោធន៍ផ្សេងៗរបស់ក្រសួងដែលវិស័យឯកជនត្រូវការដើម្បីពង្រឹងសមត្ថភាពសម្រាប់សិក្ខាកាមបន្ថែម។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខា ឧកញ៉ា ប៉ិច បូឡែន បានអះអាងថា ការចុះអនុស្សរណៈនាពេលនេះនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាន់តែប្រសើរបន្ថែមទៀតសម្រាប់សង្គមជាតិតាមរយៈកិច្ចសហការជាមួយនឹងវិស័យឯកជន។ ទន្ទឹមនេះលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីឱ្យកិច្ចសហការដែលបានចុះហត្ថលេខានាពេលនេះ ទទួលបានជោគជ័យដែលជាការជួយជ្រោមជ្រែងដល់គោលនយោបាយ និងយុទ្ធសាស្ត្ររបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដើម្បីផ្តល់ផលប្រយោជន៍ជូនសង្គមជាតិបន្ថែមទៀត។
ចំណែកលោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានប្តេជ្ញាចិត្តចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយពីកម្មវិធី និងគោលនយោបាយនានារបស់ក្រសួងឱ្យកាន់តែទូលំទូលាយបន្ថែមដើម្បីសម្រេចបាននូវចក្ខុវិស័យដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ ផ្តល់ឲ្យ