លោក ប៉ែន បូណា បានគូសបញ្ជាក់ពីការយកចិត្តដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងរយៈពេលពេញមួយឆ្នាំទៅលើវិស័យកសិកម្មដោយសម្រេចឲ្យមានកញ្ចប់ទិញស្រូវស្តុកទុកជិត ១០ម៉ឺនតោន ហើយរោងម៉ាស៊ីនកិនស្រូវទទួលបានថវិកា ២៩លានដុល្លារពីរាជរដ្ឋាភិបាល។
ក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលរយៈពេល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែសីហានេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា រយៈពេល ១ ឆ្នាំនៃការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលអាណត្តិទី៧ បានសម្រេចឱ្យមានកញ្ចប់ថវិកាសម្រាប់ជួយដល់វិស័យកសិកម្ម ក្នុងនោះបានទិញស្រូវស្តុកទុកមានចំនួនជិត ១០ម៉ឺនតោន រោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសទទួលបានថវិកាចំនួន ២៨លានដុល្លារពីរដ្ឋាភិបាល។
លោកបន្តថា អំឡុងរដូវប្រមូលផលក្នុងឆ្នាំ២០២៤-២០២៥ រោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបានត្រៀមទិញស្រូវពីកសិករក្នុងរង្វង់ជាងពីរលានតោន។
សម្តេច ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងថា រាជរដ្ឋាភិបាល នៅតែបន្តចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយដ៏សំខាន់ ដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាបាននូវតុល្យភាពរវាងការអភិរក្សនិងការអភិវឌ្ឍ។ សម្ដេចថា កន្លងមករាជរដ្ឋាភិបាល បានលើកលែងសេវាលើអាករបន្ថែមលើការផលិតផលផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ រួមមានស្រូវ អង្ករ ពោត សណ្តែក ម្រេច គ្រាប់ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ។ ដូច្នេះសហគ្រាសដែលពាក់ព័ន្ធនឹងការផលិតដំណាំកសិកម្ម ត្រូវបានលើកលែងអាករបន្ថែម ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករផងដែរ។
ក្នុងឱកាសអបអរសាទរទិវាមច្ឆជាតិ ១កក្កដា លើកទី១៩ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងពីតួនាទីដ៏សំខាន់របស់វិស័យកសិកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលគ្រាន់តែនៅក្នុងឆ្នាំ២០២៣ វិស័យកសិកម្មតែមួយមុខបានរួមចំណែកប្រមាណ២២% នៃផលិតផលសរុបក្នុងប្រទេស។
សម្ដេចបន្តថា រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ តែងតែផ្ដល់អាទិភាពលើការជួយ និងពង្រឹងលើវិស័យកសិកម្ម ដែលជាមូលដ្ឋានសំខាន់សម្រាប់ការធានាសន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានដាក់ចេញគោលនយោបាយជាបន្តបន្ទាប់ ដើម្បីលើកស្ទួយ និងជួយដល់វិស័យកសិកម្ម និងប្រជាកសិករ៕
អត្ថបទ៖ សេដ្ឋានី