សម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញមកបញ្ជាក់ពីសកម្មភាពថ្មីៗរបស់ក្រុមប្រឆាំង គាំទ្រដោយក្រុមជ្រុលនិយមនៅក្រៅប្រទេស បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីញុះញង់ឲ្យមានចលាចលប្រឆាំងនឹងរដ្ឋាភិបាល។ ការញុះញង់បានកើតឡើងក្នុងទម្រង់ នៃការចោទប្រកាន់ពាក់ព័ន្ធនឹងបូរណភាពទឹកដីរបស់កម្ពុជា ជា ពិសេសនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
តាមរយៈសេចក្តីថ្លែងការណ៍ សម្តេច ស ខេង គូសបញ្ជាក់ថា សកម្មភាពបែបនេះគឺក្នុងគោលបំណងធ្វើឱ្យខូចដល់ការឯកភាពផ្ទៃក្នុងរបស់គណបក្សប្រជាជន និងធ្វើឱ្យមានការងឿងឆ្ងល់ក្នុងចំណោមសាធារណជនអំពីការប្តេជ្ញាចិត្តឥតងាករេរបស់សម្តេច ស ខេង ចំពោះគណបក្ស និងរាជរដ្ឋាភិបាលកម្ពុជា។
សម្តេច ស ខេង បានគូសបញ្ជាក់បន្ថែមថា យុទ្ធសាស្ត្រដដែលៗ និងលាក់ពុតនេះ ត្រូវបានក្រុមប្រឆាំងរដ្ឋាភិបាលប្រើអស់ រយៈពេលជាច្រើនឆ្នាំក្នុងគោលបំណងធ្វើឱ្យថ្នាក់ដឹកនាំរបស់ រាជរដ្ឋាភិបាលចុះខ្សោយ។ សម្តេចបានកត់សម្គាល់ថា ក្រុមទាំងនេះជារឿយៗចាប់យកបញ្ហានយោបាយដ៏រសើប ដូចជាជម្លោះព្រំដែន និងបញ្ហាសិទ្ធិមនុស្ស ដើម្បីបង្កើតភាពវឹកវរក្នុងសង្គម និងបង្ខូចកេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល ដែលបានទទួលការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។
ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ សម្តេច ស ខេង បានបញ្ជាក់សារជាថ្មីអំពីភាពចាស់ទុំខាងនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងភាពខ្ជាប់ខ្ជួនក្នុងការជំនះឧបសគ្គ ខណៈពេលដែលរក្សាបាននូវឯកភាពក្នុងបក្ស។ សម្តេចបាន គូសបញ្ជាក់ពីការលះបង់ផ្ទាល់ខ្លួន ដើម្បីបុព្វហេតុជាតិដោយ បានបម្រើជាមួយឥស្សរជនដទៃទៀត ក្នុងគណបក្សប្រជាជន កម្ពុជា អស់រយៈពេលជាង ៥០ឆ្នាំមកហើយ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់សម្តេច ស ខេង ក៏បានលើកឡើងពីការវិវត្តថ្មីៗទាក់ទងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម និងការសាងសង់ព្រែកជីកហ្វូណនតេជោផងដែរ។ ជាមួយគ្នានេះ សម្តេច ស ខេង បានអំពាវនាវដល់សមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជាសាធារណជនកម្ពុជា ឱ្យតស៊ូប្រឆាំងនឹងការញុះញង់របស់ក្រុមជ្រុលនិយម និងរក្សាការរួបរួមក្នុងការគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល។ សម្តេចក៏បានធ្វើការតស៊ូមតិចំពោះការប្រើប្រាស់វិធានការច្បាប់តឹងរឹងដើម្បីការពារសន្តិភាពជាតិ ស្ថិរភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលសម្តេចបានពិពណ៌នាថា ជាសេចក្តីប្រាថ្នារួមរបស់ប្រជាជនកម្ពុជា៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រសួងមហាផ្ទៃ