នៅចំពោះមុខ ប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត ឯកអគ្គរដ្ឋទូតកូរ៉េ បានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ព្រមទាំងបានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។
ការប្តេជ្ញាចិត្តរបស់ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារនេះជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ក្នុងឱកាសលោក Jang Yun Gon ឯកអគ្គរដ្ឋទូតកូរ៉េ បានរំឮកពីទំនាក់ទំនងដ៏យូរអង្វែងរវាងកូរ៉េ និងកម្ពុជា ដែលបានពូនជ្រុំដោយលោក គីម អ៊ីលស៊ុង និងសម្តេចព្រះនរោត្ដម សីហនុ។
លោកបញ្ជាក់ថា ដោយឆ្នាំនេះ គឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ លោក ឯកអគ្គរដ្ឋទូត បានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។ លោកក៏បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងសមិទ្ធផលជាច្រើនរបស់កម្ពុជា រួមទាំងការរក្សាបាននូវសុខសន្ដិភាព និងស្ថិរភាព ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត។
ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់លោកឯកអគ្គរដ្ឋទូត ក្នុងការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបានលើកទឹកចិត្តឯកអគ្គរដ្ឋទូតកូរ៉េ ឱ្យបន្តធ្វើការងារជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ជាពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី