ព្រះមហាក្សត្រនៃកម្ពុជា ស្តេចយាងបំពេញទស្សនកិច្ចនៅប្រទេសចិនរយៈពេល ៣ថ្ងៃ ហើយនៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ ព្រះអង្គបានប្រគល់ភារកិច្ចជូនសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឱ្យទទួលជួយព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្តីទី។
តាមរយៈព្រះរាជសារកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ មានព្រះរាជបន្ទូលជម្រាបលាជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤តទៅ ដើម្បីយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅចិន។ នៅក្នុងឱកាសអវត្តមានក្នុងប្រទេស ព្រះអង្គបានប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឱ្យទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី។
នៅព្រឹកព្រលឹមថ្ងៃទី១៤ ខែសីហានេះ ឥស្សរជន និងប្រមុខរាជរដ្ឋាភិបាល អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានវត្តមានសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ