សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានចេញជាសំឡេងប្រាប់ដល់ប្រជាពលរដ្ឋមួយចំនួនតូច កុំជឿតាមការញុះញង់របស់បុគ្គលប្រឆាំងនៅក្រៅប្រទេស ដែលអាចនាំទុក្ខដល់ខ្លួនដោយប្រការណាមួយ។
នៅថ្ងៃទី ១២ ខែសីហា តាមរយៈសារជាសំឡេង នៅក្នុងគ្រុបមួយដែលកំពុងបំផុសចលនាប្រឆាំងការអភិវឌ្ឍ និងជំរុញការចេញមកធ្វើបាតុកម្ម សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេច បានចូលក្នុងគ្រុបមួយនេះជាច្រើនថ្ងៃមកហើយ និងបានស្ដាប់អំពីការញុះញង់របស់បុគ្គលមួយចំនួន នៅក្រៅប្រទេស ដើម្បីឲ្យអ្នកនៅក្នុងគ្រុបមួយនេះ ចេញធ្វើបាតុកម្មក្នុងបំណងផ្ដួលរំលំរាជរដ្ឋាភិបាល ដែលចេញពីការបោះឆ្នោត។
សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការញុះញង់នេះ មិនមែនជារឿងត្រឹមត្រូវនៅក្នុងដំណើរការប្រជាធិបតេយ្យនោះឡើយ។ បុគ្គលមួយចំនួនតូច ចង់ប្រៀបធៀបស្ថានការណ៍រវាងប្រទេសកម្ពុជា ជាមួយប្រទេសបង់ក្លាដេស តែជាការប្រៀបធៀបមួយ ដែលយល់ច្រឡំ។
ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ថា «ចំណុចនេះ បងប្អូនត្រូវគិតឲ្យបានម៉ត់ចត់ ប្រសិនបើបងប្អូនភ្លាតភ្លាំងទៅដោយប្រការណាមួយ បងប្អូនអាចរងនូវគ្រោះថ្នាក់ ឬនេះគឺវាមិនអាចទៅរួចទេ រដ្ឋាភិបាលប្រទេសណាក៏ដោយ ដោយតម្លៃណាក៏ដោយ បងប្អូនមានត្រឹមតែប៉ុន្មាននាក់ ដើម្បីបំផ្លាញនូវសន្តិភាពសម្រាប់ប្រជាជនរាប់លាននាក់ មិនមែនជាជម្រើសដែលបងប្អូនទេ បងប្អូនត្រូវគិតឲ្យម៉ត់ចត់មុនពេលដែលបងប្អូន ធ្វើដំណើរមកកាន់បាតុកម្ម ឬមហាបាតុកម្ម ឬឈានទៅដល់ការផ្ដួលរំលំ បន្ទាប់ក្រហមនៅទីនេះគឺមាន»។
សម្ដេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ថ្នាក់ដឹកនាំកម្ពុជា ទទួលយកនូវកង្វល់របស់ប្រជាពលរដ្ឋ ស្ដីពី បញ្ហាទឹកដី បញ្ហាឯករាជ្យ អធិបតេយ្យជាតិ តែប្រជាពលរដ្ឋត្រូវមើលឲ្យបានច្បាស់ ថាតើដូចអ្វីដែលក្រុមប្រឆាំងនៅក្រៅប្រទេស កំពុងតែញុះញង់ដែរឬទេ?
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «បងប្អូនច្បិចយកនូវបញ្ហា CLV តែនៅទីនេះ ខ្ញុំគួរតែបញ្ជាក់ប្រាប់បងប្អូនថា CLV ២៥ឆ្នាំហើយ មានមនុស្សមួយចំនួននៅក្នុងក្រុមនេះ កើតមិនទាន់ទាំង CLV កើតទៀតផង ប៉ុន្តែតើ CLV នេះ វាបានបំផ្លាញអ្វីដល់បងប្អូន បងប្អូនគិតទៅប្រទេសយើងកាលពីនោះ គឺក្រីក្រណាស់ការធ្វើដំណើរពីរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ទម្រាំមកដល់ខេត្តក្រចេះ ទម្រាំមកដល់កំពង់ចាម ទម្រាំមកដល់ទីក្រុងភ្នំពេញ ត្រូវចាយពេលច្រើនណាស់»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា មកដល់បច្ចុប្បន្ន តាមរយៈកិច្ចសហប្រតិបត្តិការ CLVនេះ ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តទាំងនោះ បានទទួលផលប្រយោជន៍ជាច្រើន ដូចជា៖ សេដ្ឋកិច្ច សង្គម ការតភ្ជាប់ផ្លូវ បណ្ដាញអគ្គិសនី ប្រព័ន្ធទឹកនៅតំបន់មួយចំនួន។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីទៀតថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះ មិនមែនជាការកាត់ដីឲ្យទៅបរទេសណានោះទេ ហើយក៏មិនមែនជាការដាក់ភាគហ៊ុនអ្វីដែរ៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម