នាយករដ្ឋមន្រ្តី ផ្តល់គោលការណ៍ណែនាំទៅរដ្ឋមន្ត្រីក្រសួងធនធានទឹក ឲ្យផ្តល់ការយកចិត្តទុកដាក់ក្នុងការជ្រើសរើសប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹក កំពង់គោ និងស្ទឹងស្លាប់ ស្ថិតក្នុងខេត្តកំពង់ធំ។
ក្នុងឱកាសជិះទូកស្មាចចុះពិនិត្យតំបន់លិចទឹកដោយជំនន់ទឹកភ្លៀង និងពិនិត្យវឌ្ឍនភាពសំណង់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ កាលពីថ្ងៃសៅរ ទី១០ ខែសីហា សម្តេច ហ៊ុន ម៉ាណែត បានជជែកលេងជាមួយប្រជាពលរដ្ឋ និងបានសួរនាំអំពីស្ថានភាពទឹក ក៏ដូចជាការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅទីនេះក្នុងពេលបច្ចុប្បន្ន និងពីមុនមក។
ក្នុងពេលនោះ សម្តេចនាយករដ្ឋមន្រ្តីបានប្រាប់ប្រជាពលរដ្ឋអំពីផែនការមួយចំនួនរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងភូមិស្រុករបស់គាត់ រួមទាំងការកសាងទំនប់ស្ទាក់ទឹកកំពង់គោ ដែលនៅជិតនោះ ក៏ដូចគម្រោងធ្វើឲ្យប្រសើរឡើងនូវផ្លូវឆ្លងកាត់ភូមិរបស់គាត់នៅពេលខាងមុខ។
បន្ថែមលើនេះ សម្តេច ហ៊ុន ម៉ាណែត បានផ្តល់គោលការណ៍ណែនាំទៅលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ផ្តល់ការយកចិត្តទុកដាក់ក្នុងការជ្រើសរើសប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកទាំងពីរ គឺទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់។
សូមជម្រាបថា គម្រោងសំណង់ស្ទាក់ទឹកកំពង់គោ និងការដ្ឋានស្ដារស្ទឹងស្លាប់ ក្នុងភូមិសាស្រ្ដឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប សម្រាប់បម្រើការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ដំណាំរួមផ្សំគ្រប់ប្រភេទ និងបម្រើដល់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងក្រុង-ស្រុកចំនួន ៥នៃខេត្តកំពង់ធំ ដែលរួមមានក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់។
ទន្ទឹមនឹងនេះក៏បានដើរតួនាទីក្នុងការពង្វាងទឹកដែលធ្លាក់ពីប៉ែកខាងលើនៃខេត្តព្រះវិហារចូលទៅស្ទឹងសែន និងជួយកាត់បន្ថយហានិភ័យនៃការជន់លិចក្នុងក្រុងស្ទឹងសែន និងតំបន់ជុំវិញផងដែរ៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ ផេកសម្តេច ហ៊ុន ម៉ាណែត