ក្រសួងមហាផ្ទៃ បានប្រកាសឲ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា ឬCambodia e-Arrival ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរ វិនិយោគិន និងពង្រឹងសន្តិសុខក្នុងបរិបទឌីជីថល។
ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយអំពីការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា Cambodia e-Arrival នារសៀលថ្ងៃទី៩ ខែសីហា លោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ប្រព័ន្ធ Cambodia e-Arrival នឹងជួយកាត់បន្ថយពេលវេលាបំពេញបែបបទចូល-ចេញពីប្រទេស ធានាថាអ្នកដំណើរអាចឆ្លងកាត់បានយ៉ាងឆាប់រហ័ស មានភាពងាយស្រួល ដោយអ្នកដំណើរចូលកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិនានា គ្រាន់តែបំពេញព័ត៌មានតាមទម្រង់ដែលបានកំណត់តាមតំណភ្ជាប់ទៅគេហទំព័រ www.arrival.gov.kh ឬកម្មវិធី Cambodia e-Arrival រួមមាន៖ ទម្រង់សលាកបត្រអន្តោប្រវេសន៍ រួមទាំងពាក្យស្នើសុំទិដ្ឋាការពេលមកដល់ទម្រង់លិខិតរាយការណ៍គយ និងទម្រង់លិខិតប្រកាសសុខភាពរបស់អ្នកដំណើរ ខណៈបណ្ដាប្រទេសជឿលឿនកាន់តែច្រើនបាននិងកំពុងប្រើប្រាស់ប្រព័ន្ធនេះ។
លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា Cambodia e-Arrival រៀបចំដោយកូនខ្មែរ ក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល ដោយបង្កើតបានជាប្រព័ន្ធជាតិតែមួយ ដែលអាចឆ្លើយតបបានទៅនឹងការវិវឌ្ឍផ្នែកបច្ចេកវិទ្យា និងវឌ្ឍនភាពជាតិ ជាពិសេសក្នុងដំណាក់កាល ដែលរាជរដ្ឋាភិបាល បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ទាក់ទាញភ្ញៀវទេសចរ វិនិយោគិន ក៏ដូចជាធុរជនបរទេស ឱ្យចូលមកទស្សនា និងធ្វើធុរកិច្ចស្របតាមការគោលនយោបាយទេសចរណ៍ និងវិនិយោគ និងក៏ផ្តល់ភាពងាយស្រួលសម្រាប់ការគ្រប់គ្រងកិច្ចការសន្តិសុខ និងការគ្រប់គ្រងទិន្នន័យជនបរទេសនៅកម្ពុជាផងដែរ។
ក្រសួងមហាផ្ទៃ បានដាក់ឱ្យអនុវត្តសាកល្បងនូវប្រព័ន្ធ Cambodia e-Arrival ជាបណ្ដើរៗនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាបអង្គរ និងខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនៅតាមបណ្ដាច្រកទ្វារអាកាសយានដ្ឋានទាំង៣នេះ នៅអំឡុងខែកកញ្ញា ឆ្នាំ២០២៤ មុននឹងបន្តពន្លាតទៅអនុវត្តនៅតាមបណ្ដាច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារទ្វេភាគីផ្សេងទៀតជាបន្តបន្ទាប់។ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ការផ្ដួចផ្ដើម និងដឹកនាំឈានទៅសម្រេចបាននូវប្រព័ន្ធ Cambodia e-Arrival នេះ គឺជាការបញ្ជាក់ច្បាស់នូវលទ្ធផលជាក់ស្ដែងថ្មីមួយទៀត នៃទិសដៅការងារអាទិភាពទាំង៦ ដែលលោក ស សុខា បានប្រកាសអនុវត្តចាប់ពីដើមនីតិកាលទី៧៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រសួងមហាផ្ទៃ