នេះគឺជាសាកលវិទ្យាល័យដំបូងគេហើយរបស់ចក្រភពអង់គ្លេស ដែលអាយុជាង១៥០ឆ្នាំ សម្រេចបើកទ្វារបណ្តុះបណ្តាលនៅក្នុងប្រទេសកម្ពុជា មានឈ្មោះថា សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORt) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤នេះ។ សម្តេច ហ៊ុន ម៉ាណែត បានបង្ហាញក្តីសប្បាយរីករាយ ដែលបានឃើញសាកលវិទ្យាល័យ ដឹ ម៉ុងហ្វត ដ៏ល្បីរបស់ចក្រភពអង់គ្លេស វិនិយោគលើការបណ្តុះបណ្តាលនៅកម្ពុជា។
សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាអតីតនិស្សិត ដែលបានសិក្សានៅចក្រភពអង់គ្លេស ពេលវេលារបស់សម្តេចនៅប្រទេសអង់គ្លេស គឺជាអនុស្សាវរីយ៍មួយដ៏ល្អ និងពេញចិត្តបំផុតមួយនៅក្នុងបទពិសោធសិក្សារៀនសូត្ររបស់សម្តេច។ ដូច្នេះ សម្តេចពិតជាមានសេចក្តីរំភើបជាពិសេស ចំពោះវត្តមាននៃសាកលវិទ្យាល័យ De Montfort នៅកម្ពុជា។
សម្តេចលើកឡើងថា វត្តមាននេះបង្ហាញពីការទទួលស្គាល់គុណភាពអប់រំរបស់កម្ពុជា និងសមត្ថភាពរបស់និស្សិតខ្មែរថា អាចចូលរៀនបាន ទទួលយកការអប់រំកម្រិតខ្ពស់ និងមានសមត្ថភាពប្រកួតប្រជែងក្នុងបរិការណ៍នៃស្តង់ដារ អប់រំកម្រិតអន្តរជាតិ។ បើតាមសម្តេច សាកលវិទ្យាល័យ De Montort បានសម្រេចជ្រើសរើសប្រទេសកម្ពុជា ជាគោលដៅសម្រាប់បើកសាខារបស់ខ្លួន ដោយសារតែសាកលវិទ្យាល័យនេះ បានទទួលស្គាល់ថា ប្រទេសកម្ពុជាផ្តល់តម្លៃលើវិស័យអប់រំ តាំងពីកម្រិតមូលដ្ឋាន រហូតដល់កម្រិតឧត្តមសិក្សា។
សម្តេចបន្ថែមថា សាកលវិទ្យាល័យ De Montfort បានមើលឃើញថា ការអប់រំកំពុងតែមានឥទ្ធិពលលើការអភិវឌ្ឍ របស់ប្រទេសកម្ពុជា ខណៈដែលរាជរដ្ឋាភិបាល នៅតែបន្តឥតឈប់ឈរក្នុងការពង្រឹងគុណភាព និង បង្កើន សក្ដានុពលរបស់វិស័យអប់រំ ព្រមទាំងលើកកម្ពស់អន្តរជាតិនីយកម្ម ។
លើសពីនេះ សម្តេចក៏បានគូបញ្ជាក់ថា សាកលវិទ្យាល័យនេះ ក៏បានសម្លឹងឃើញថា ប្រទេសយើងពោរពេញទៅដោយយុវជន ដែលប្រកបដោយភាពស្វាហាប់ ព្រមទាំងមានភាពបុរេសកម្ម នៅក្នុងការចូលរួមចំណែកអភិវឌ្ឍខ្លួន ក៏ដូចជា អភិវឌ្ឍសហគមន៍ដែលពួកគេរស់នៅ ព្រមទាំងសង្គមជាតិទាំងមូល។
សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា វត្តមាននៃសាកលវិទ្យាល័យ De Montfort គឺជាការផ្តល់តម្លៃបន្ថែមដល់គ្រឹះស្ថានអប់រំឧត្តមសិក្សា ដោយហេតុថា សាកលវិទ្យាល័យនេះ ត្រូវបានជ្រើសរើសជាមជ្ឈមណ្ឌលជាសកលមួយរបស់អង្គការសហប្រជាជាតិ, និង ដៃគូផ្សេងទៀត ដើម្បីឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការស្រាវជ្រាវ, ការងារសហគមន៍ និង ឧត្តមភាពសិក្សា។
បើតាមសម្តេចនាយករដ្ឋមន្រ្តី សាកលវិទ្យាល័យ De Montfort ក៏នឹងផ្ដល់ឱកាសដល់និស្សិតខ្មែរ ដែលមានបំណងចង់ទទួលបានបទពិសោធសិក្សាថ្នាក់ឧត្តមសិក្សាទាំងរយៈពេលខ្លី និងវែងនៅចក្រភពអង់គ្លេស ឬនៅ ប្រទេសផ្សេងទៀត ប៉ុន្តែយ៉ាងណាក្តី តាមរយៈការផ្សារភ្ជាប់វត្តមានផ្ទាល់នៅលើទឹកដីរបស់កម្ពុជា សាកលវិទ្យាល័យនេះ ក៏នឹងរួមចំណែកបណ្ដុះវប្បធម៌ និងការយល់ដឹងពីបរិការណ៍អន្តរជាតិ ទន្ទឹមគ្នានឹងបរិការណ៍ដោយឡែកនៃគុណតម្លៃ និងការវិវឌ្ឍនៃសង្គមកម្ពុជាផងដែរ។
បន្ថែមទៀតនោះ សម្តេចចង់ឃើញសាកលវិទ្យាល័យ De Montfort ក្លាយជាទីប្រមូលផ្តុំ (hub) និង ជាដែកឆក់ (magnet) នៃការវិនិយោគមកពីចក្រភពអង់គ្លេស ដែលជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងធនធានមនុស្ស និង អនាគតអ្នកដឹកនាំ ដែលសាកលវិទ្យាល័យបានខិតខំបណ្តុះបណ្តាល ជាមួយនឹងតួអង្គទីផ្សារ វិនិយោគិន និង ឧស្សាហកម្មអនាគតរបស់ចក្រភពអង់គ្លេស៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី