កាលថ្ងៃអង្គារ ទី៦ ខែសីហា សម្តេច ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ពិភាក្សាការងារជាមួយលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅវិមានរដ្ឋសភា។ នាជំនួបនោះ សម្តេចចាត់ទុកថាការតែងតាំងលោក នៅក្នុងតួនាទីនេះគឺពិតជាបង្ហាញអំពីសារៈសំខាន់ដែលចិន បានមើលឃើញចំពោះទំនាក់ទំនងជាមួយនឹងកម្ពុជា។
ឯកអគ្គរដ្ឋទូតចិន បានវាយតម្លៃខ្ពស់ចំពោះសម្តេច ស ខេង ក្នុងនាមជាឥស្សរជននយោបាយជាន់ខ្ពស់មួយរូប ដែលបានចូលរួមចំណែកយ៉ាងច្រើននៅក្នុងដំណើរការស្ដារកសាងអភិវឌ្ឍន៍ និងប្រទេសកម្ពុជាដូចជារួមចំណែកដល់ការ ថែរក្សានូវសុខសន្តិភាពនិងស្ថិរភាព។
លោក វ៉ាង វិនពីន មានប្រសាសន៍ថា កន្លងមកសម្ដេច ស ខេង ក៏ជាមិត្តភក្ដិចាស់របស់ប្រទេសចិននៅក្នុងតួនាទីសម្តេច បានបំពេញនៅក្នុងអាណត្តិមុនៗ កន្លងមក ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោកបន្ថែមថា កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ចិន គឺត្រូវបានបង្កើតឡើង ចាប់ពីថ្នាក់ដឹកនាំជាច្រើនជំនាន់មុនរួចមកហើយ តាំងរហូតមកដល់ពេលនេះ ហើយមិត្តភាពរវាងប្រទេសទាំងពីរ នៅតែត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ រហូតមកដល់ពេលនេះ ទំនាក់ទំនងមិត្តភាពក្លាយទៅជាមិត្តភាពដែកថែបបន្តមកដល់ជំនាន់ក្រោយ ។
លោក វ៉ាង វិនពីន ក៏សង្ឃឹមជឿជាក់ថា ទោះបីជាសម្តេច ទោះមិនស្ថិតនៅក្នុងរដ្ឋាភិបាល ក៏ប៉ុន្តែលោកសង្ឃឹមជឿជាក់ថាសម្ដេច នៅតែបន្តគាំទ្រនិងយកចិត្តទុកដាក់ដល់ការពង្រឹងពង្រីកនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
ក្នុងជំនួបដដែលនោះ សម្ដេចសូមថ្លែងអំណរគុណចំពោះបក្សក៏ដូចជារដ្ឋាភិបាលចិន ដែលកន្លងមកតែងជួយគាំទ្រដល់បុព្វហេតុស្ដារ និងអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជារួមចំណែកដល់ការធានាដល់សុខសន្តិភាពនិងស្ថិរភាពរបស់កម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចក៏វាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសចិន ក្រោមការដឹកនាំរបស់គណបក្សក៏ដូចជារបស់រដ្ឋាភិបាល ហើយសម្ដេចក៏សូមវាយតម្លៃខ្ពស់ចំពោះតួនាទីកាន់តែមានសារៈសំខាន់របស់ប្រទេសចិននៅក្នុង ឆាកអន្តរជាតិ ជាពិសេសនៅក្នុងក្របខណ្ឌសកលដែលប្រទេសចិនបានដើរតួនាទីកាន់តែសំខាន់នៅក្នុង ការងារនយោបាយក៏ដូចជាសេដ្ឋកិច្ច។
សម្តេចថ្លែងថា សម្តេចផ្ទាល់នឹងបន្តខិតខំអស់ពីលទ្ធភាពនិងគ្រប់លទ្ធភាពក្នុងការបន្តគាំទ្រដូចជាពង្រឹងពង្រីកនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ ផេកសម្តេច ស ខេង