អាជ្ញាធរអប្សរា បានចេញសេចក្តីជូនដំណឹងដើម្បីបញ្ជាក់ថា តម្លៃសេវាសម្រាប់ប្រភេទអាជីវកម្ម ដែលបានកំណត់ ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី០២ខែសីហា ឆ្នាំ ២០២៤គឺជាតម្លៃសេវាដែលបានអនុវត្តតាំងពីអំឡុងឆ្នាំ២០១២មកម្ល៉េះនិងពុំមានការតម្លើងតម្លៃណាមួយឡើយ។ ក្នុងនោះតម្លៃមួយចំនួនទៀតសោតក៏ត្រូវបានកែសម្រួលបន្ថយផងដែរ។
ការបកស្រាយនេះបន្ទាប់ពីមានការចុះផ្សាយ ក៏ដូចជាការពិភាក្សាគ្នានៅតាមបណ្តាញសង្គមមួយចំនួនពាក់ព័ន្ធនឹងតម្លៃសេវាកម្មថតវីដេអូ និងរូបភាព ដោយបានលើកឡើងថា មានតម្លៃថ្លៃជាដើម។ បើយោងតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាចេញផ្សាយកាលពីពេលថ្មីៗនេះ តម្លៃសេវាសម្រាប់ការថតលក្ខណៈអាជីវកម្មនៅក្នុងតំបន់អង្គរ ដោយចាប់ពី៥០ដុល្លារអាមេរិក ដល់៥០០០ដុល្លារអាមេរិក ទៅតាមចំនួនថ្ងៃ។
ការថតស្ប៉តពាណិជ្ជកម្មផលិតផលខ្នាតធំ ត្រូវបង់ថ្លៃ៥០០០ដុល្លារអាមេរិក សម្រាប់ស្ប៉តពាណិជ្ជកម្មអន្តរជាតិនិងតម្លៃ ២០០០ដុល្លារសម្រាប់ម្ចាស់ស្ប៉តពាណិជ្ជកម្មជាតិ ហើយត្រូវប្រើរយៈពេល៥ថ្ងៃដើម្បីទទួលបានលិខិតអនុញ្ញាតច្បាប់ឱ្យថតនៅក្នុងតំបន់អង្គរ ។
ចំពោះការថតខ្សែភាពយន្តខ្នាតធំជាលក្ខណៈអន្តរជាតិ មានតម្លៃ ៤៥០០ដុល្លារអាមេរិក និងសម្រាប់ជាតិប្រមាណ៤៥០ដុល្លារអាមេរិក ការថតភាពយន្តខ្នាតតូចមានតម្លៃប្រមាណ ១០០០ ដុល្លារអាមេរិក ។
ការថតខ្សែភាពយន្តភាគឬភាពយន្តសម្រាប់ចាក់ផ្សាយតាមទូរទស្សន៍ខ្នាតធំតម្រូវឱ្យបង់ថ្លៃ ១៥០០ដុល្លារសម្រាប់អន្តរជាតិ និង១៥០ដុល្លារក្នុងមួយថ្ងៃ សម្រាប់ទូរទស្សន៍ក្នុងស្រុក និងការថតខ្សែភាពយន្តភាគ ឬភាពយន្តទូរទស្សន៍ខ្នាតតូច ត្រូវបង់ប្រាក់៩០០ដុល្លារអាមេរិក សម្រាប់អន្តរជាតិ និង៩០ដុល្លារក្នុងមួយថ្ងៃសម្រាប់ក្នុងស្រុក ហើយត្រូវសុំច្បាប់ចំនួន១០ថ្ងៃគិតតែថ្ងៃធ្វើការ ។ ជាមួយគ្នានោះ ម្ចាស់អាជីវកម្មថតវីដេអូ និងរូបភាព ក៏មានជម្រើសផ្សេងៗទៀត ដែលមានតម្លៃទាបជាងនេះដោយអាជ្ញាធរកំណត់តំបន់ថតជូន។
សម្រាប់តម្លៃសេវាសម្រាប់ប្រភេទអាជីវកម្មនានា ដែលបានដាក់ឲ្យអនុវត្តមានចំនួន៤ជម្រើសនិងអាចប្រើប្រាស់សេវាជម្រើសណាមួយតាមតម្លៃសមរម្យដែលចង់បាន។ ទន្ទឹមនឹងនេះ រាល់តម្លៃសេវាទាំងអស់ត្រូវបង់ផ្ទាល់ទៅក្នុងធានាគារជាតិសាខាខេត្តសៀមរាប៕
អត្ថបទ៖ នារតី