នៅវេលាម៉ោង ៩:០៩នាទី ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចុចប៊ូតុងប្រកាសចាប់ផ្តើមជីកគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលមានវត្តមានដឹកនាំក្រសួងស្ថាប័ន អង្គទូត និងប្រជាពលរដ្ឋចលរួមដោយផ្ទាល់ជាង ១ម៉ឺននាក់ ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។
មុនចូលរួមចុចប៊ូតុង សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានប្រកាសថា ការសាងសង់ព្រែកជីកហ្វូណនតេជោ គឺអនុវត្តតាមចក្ខុវិស័យរបស់មេដឹកនាំកាលពីអាណាចក្រហ្វូណន ដែលសម័យមួយដ៏រឹងមាំ។ សម្ដេចថ្លែងថា អាណាចក្រហ្វូណន ជារដ្ឋដំបូងគេរបស់កម្ពុជា ចាប់ផ្ដើមពីសតវត្សទី១ ដែលជាអាណាចក្រមួយដ៏រុងរឿងនៅទិសខាងត្បូង នៃប្រទេសចិន។ ពេលនោះកម្ពុជាជាចក្រភពមួយដែលរឹងមាំ មានមូលដ្ឋានសេដ្ឋកិច្ចខ្លាំងក្លា គឺផ្ដោតទៅលើកសិកម្ម និងពាណិជ្ជកម្ម។
សម្ដេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា៖ «អាណាចក្រហ្វូណន ដែលជារដ្ឋដំបូងរបស់កម្ពុជា ចាប់ផ្ដើមពីសតវត្សទី១ បើតាមកំណត់ត្រារបស់ចិនមានន័យថា អ្នកដែលរុងរឿងនៅទិសខាងត្បូង ជាអាណាចក្ររុងរឿងនៅទិសខាងត្បូង នៃប្រទេសចិន។ ការកសាងនូវព្រែកជីកហ្វូណន ដែលសំដៅទៅលើការជំរុញកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម ភស្ដុភារកម្ម គឺមិនខុសពីចក្ខុវិស័យជាង២ពាន់ឆ្នាំមុនរបស់បុព្វបុរសខ្មែរយើងទេ ២ពាន់ឆ្នាំក្រោយមកកូនចៅបានបើកនូវការដ្ឋានសាងសង់ព្រែកជីក យកលំនាំតាមចក្ខុវិស័យរបស់បុព្វបុរសរបស់យើង»។
បើតាមបញ្ជាក់របស់សម្ដេច យោងតាមឯកសារប្រវត្តិសាស្ដ្រ នៅក្នុងអាណាចក្រហ្វូណន ដែលមានរាជធានីនៅអង្គរបុរី បានសាងសង់ព្រែកជីករហូតដល់ទៅ៥ ដោយក្នុងនោះ សុទ្ធតែភ្ជាប់ទៅតំបន់សំខាន់ៗមានទាំងនៅក្នុងប្រទេស និងភ្ជាប់ទំនាក់ទំនងជាមួយបណ្ដាប្រទេសនានាទាំងលោកខាងលិច និងលោកខាងកើត។ សម្ដេចបន្ដទៀតថា ព្រែកជីកមួយនៅអង្គរបុរី ឈ្មោះព្រែកទី៥ ប្រវែង៩០គីឡូម៉ែត្រ ភ្ជាប់ពីអង្គរបុរី ទៅកំពង់ផែអូរកែវ សម្រាប់ធ្វើពាណិជ្ជកម្មជាមួយលោកខាងលិច ក្នុងនោះមានទាំងចក្រភពរ៉ូម៉ាំ និងឥណ្ឌា។ ដោយឡែក ព្រែកជីកមួយខ្សែទៀត ភ្ជាប់ពីអង្គរបុរី មកកាន់ទន្លេបាសាក់ ដែលមានសក្ដានុពលសម្រាប់ធ្វើពាណិជ្ជកម្មជាមួយលោកខាងកើត ក្នុងនោះមានចិនជាធំ។ បន្ថែមពីនេះ នៅព្រែកជីក៣ខ្សែទៀត ដែលជាសរសៃឈាមយ៉ាងសំខាន់សម្រាប់ភ្ជាប់ទៅកាន់តំបន់ផ្សេងៗនៅក្នុងប្រទេស ដើម្បីដឹកទំនិញកសិកម្ម បម្រើឲ្យភស្ដុភារកម្មផងដែរ។
សម្ដេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការសាងសង់ព្រែកជីកហ្វូណនតេជោ ជាការយកលំនាំតាមចក្ខុវិស័យរបស់បុព្វបុរសខ្មែរ ដោយភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ដើម្បីភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយពិភពលោក។ បើទោះបី កន្លងទៅកំពង់ផែខេត្តព្រះសីហនុ បានភ្ជាប់ទំនាក់ទំនងជាមួយពិភលោករួចហើយយ៉ាងណាក្ដី ប៉ុន្ដែតាមរយៈព្រែកជីកប្រវត្តិសាស្ដ្រ កាន់តែមានភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងតាមផ្លូវទឹកត្រង់តែម្ដង។
សម្ដេចថ្លែងបញ្ជាក់បន្ថែមថា៖ «ព្រែកជីហ្វូណនតេជោ មិនត្រឹមតែបម្រើឲ្យពាណិជ្ជកម្មអន្ដរជាតិនោះទេ ប៉ុន្ដែបានធានានូវប្រព័ន្ធស្រោចស្រព ប្រព័ន្ធធារាសាស្ដ្ររបស់កម្ពុជា សំដៅជំរុញវិស័យកសិកម្មនៅប៉ែកនិរតីនៃប្រទេសកម្ពុជា ប្រៀបដូចសម័យអាណាចក្រភ្នំនោះដែរ»។
គួរជម្រាបជូនថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាផ្ដួចផ្ដើមឡើងដោយសម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន ហើយបន្តជំរុញការអនុវត្តដោយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ ពិធីបើកការដ្ឋានព្រែកជីកប្រវត្តិសាស្រ្តនេះ ត្រូវបានរៀបចំឡើងនៅចំណុចចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី