សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យលោក យូ កូកូឡាំង (U Ko Ko Hlaing) បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសមនៅវិមានព្រឹទ្ធសភា កាលព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤។
ក្នុងនាមជាបេសកជនពិសេស លោក យូ កូកូឡាំង បានអរគុណចំពោះកម្ពុជាដែលគាំទ្រមីយ៉ាន់ម៉ាក្នុងវេទិកាអាស៊ាន។ លោកចាត់ទុកថា កម្ពុជា និងមីយ៉ាន់ម៉ា មានទំនាក់ទំនងមិត្តភាពអស់រយៈកាលជាច្រើនទសវត្សរ៍មកហើយ។ លោកបានរំលឹកពីទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាន់ម៉ា នាដើមឆ្នាំ២០២២។ លោកចាត់ទុកសម្ដេចជារដ្ឋបុរសដែលចាស់ទុំជាងគេ ពោរពេញទៅដោយបទពិសោធន៍ នៅក្នុងអាស៊ាន។
បេសកជនពិសេសមីយ៉ាន់ម៉ា បានគូសបញ្ជាក់ថា សម្ដេច ហ៊ុន សែន និងកម្ពុជាបានរួមចំណែកដ៏មានតម្លៃដល់មីយ៉ាន់ម៉ា។ លោកក៏បានរំលឹកអំពីជំនួបដ៏មានសារៈសំខាន់រវាងសម្ដេច និង លោក Min Aung Hlaing តាមប្រព័ន្ធវីដេអូ កាលពីខែឧសភាកន្លងទៅនេះ ដែលថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការពង្រឹង ពង្រីកបន្ថែមទៀតនៅទំនាក់ទំនងទ្វេភាគី និងការរួមចំណែករបស់កម្ពុជា ធ្វើឱ្យសភាពការណ៍នៅមីយ៉ាន់ម៉ាវិលមករកប្រក្រតីភាពឡើងវិញ។
ក្នុងជំនួបនោះ សម្ដេច ហ៊ុន សែន បានចែករំលែកនូវបទពិសោធន៍របស់កម្ពុជាក្នុងការដោះស្រាយវិបត្តិនយោបាយនាពេលកន្លងមក ក្នុងការបញ្ចប់សង្គ្រាម ការចរចានានា ដែលឈានដល់ការទទួលបាននូវសុខសន្តិភាពមកដល់សព្វថ្ងៃនេះ។ សម្ដេចបានសង្កត់ធ្ងន់ថា ការរកដំណោះស្រាយបញ្ចប់សង្គ្រាម ទាមទារឱ្យមានការចូលរួមពីភាគីទាំងអស់ ជាក់ស្តែង យើងមិនអាចចោលភាគីពាក់ព័ន្ធណាមួយឡើយ ទោះបីជាយើងមិនចង់ចរចាជាមួយក៏ដោយ ដូចករណីភាគីខ្មែរក្រហម នៅទសវត្សរ៍ឆ្នាំ១៩៨០និងឆ្នាំ១៩៩០។ សម្ដេចក៏បានស្នើសុំឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ពិចារណាលើសកម្មភាពទាំងអស់ ទាំងយោធា ទាំងនយោបាយ និងការទូត ដើម្បីស្វែងរកសន្តិភាពដោយមិនបោះបង់ចោលភាគីណាមួយ។
នៅក្នុងវេទិកាអាស៊ាន សម្ដេចសូមឱ្យភាគីមីយ៉ាន់ម៉ាគិតគូរឱ្យបានហ្មត់ចត់ក្នុងការបន្តបញ្ជូនតំណាងមិនមែននយោបាយរបស់ខ្លួន មកចូលរួមកិច្ចប្រជុំនានារបស់អាស៊ាន ចៀសវាងកុំឱ្យកៅអីនៅទំនេរ។ មីយ៉ាន់ម៉ាត្រូវរក្សាការចូលរួមវេទិកាដទៃទៀតដែលភាគីមីយ៉ាន់ម៉ាជាសមាជិក និងកំពុងមានតំណាងនៅទីនោះ ដោយត្រូវការពារនិងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសនានា ដែលមីយ៉ាន់ម៉ាមានទំនាក់ទំនងជាមួយ។
សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់បន្ថែមថា សម្តេចបានចែករំលែកនូវបទពិសោធន៍ដែលកម្ពុជាធ្លាប់មាន ក្នុងកិច្ចខិតខំជួយនិងគាំទ្រមីយ៉ាន់ម៉ារកផ្លូវដោះស្រាយវិបត្តិបច្ចុប្បន្ន។ កម្ពុជាពុំមានផលប្រយោជន៍យុទ្ធសាស្រ្ត នយោបាយ ឬសេដ្ឋកិច្ចអ្វីនោះទេ ចំពោះការប្រឹងប្រែងជួយនេះ ។ បំណងតែមួយគត់របស់កម្ពុជា គឺមិនចង់ឃើញប្រជាជនមីយ៉ាន់ម៉ារងសោកនាដកម្ម និងទុក្ខវេទនាដោយសារសង្រ្គាមអូសបន្លាយ ព្រោះកម្ពុជាបានឆ្លងកាត់រួចមកហើយ៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ