រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរអនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត សិស្ស និស្សិត ឈប់សម្រាកមួយថ្ងៃក្នុងឱកាសចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
ទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នឹងត្រូវត្រៀមរៀបចំប្រារព្វឡើងនៅចំណុចព្រែកតាកែវ មានទទឹងមុខកាត់ផ្នែកខាងប្រវែង១០០ម៉ែត្រ និងផ្នែកខាងក្រោម ៨០ម៉ែត្រ។ ដោយឡែករូបភាពព្រែកជីកតំណាងនេះ មានមុខកាត់ផ្នែកខាងលើមានប្រវែង ៤០ ម៉ែត្រ និងផ្នែកខាងក្រោមប្រវែង១៨,៥ ម៉ែត្រប៉ុណ្ណោះ។
គួរបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចព្រែកតាកែវ នៃទន្លេមេគង្គ រួចចូលតាមបណ្តាព្រែក នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប។
សូមជម្រាបជូនថា ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
អត្ថបទ៖ សាង តេជៈ