តំបន់អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥ នៅលើពិភពលោកដោយសារស្ត្រីអាស៊ានបានដើរតួនាទីយ៉ាងសំខាន់ជាមូលដ្ឋានគ្រឹះនៃសហគមន៍ និងសេដ្ឋកិច្ច ព្រមទាំងគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈវេទិកាតំបន់ និងអន្តរជាតិ ជំរុញកំណើន និងបង្កើននវានុវត្តន៍ឆ្លងព្រំដែន។ នេះបើតាមការគូសបញ្ជាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំគម្រោង ស្នើទៅភាគីចិនបង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រីមេគង្គ-ឡានឆាង ដើម្បីបន្តគាំទ្រដល់ការតភ្ជាប់បណ្តាញទំនាក់ទំនង ការធ្វើអាជីវកម្ម និងការអភិវឌ្ឍសហគ្រិន- ភាពស្ត្រីក្នុងតំបន់។
សម្តេចបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា និងខ្លួនសម្តេចផ្ទាល់ មានចក្ខុវិស័យវែងឆ្ងាយ សម្រាប់ការពង្រឹងភាពអង់អាចរបស់ស្ត្រី ហើយយើងមានការប្ដេជ្ញាចិត្តពេញលេញ ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យនេះ។
ទន្ទឹមនឹងនេះ សម្តេចក៏បានប្រមើលឃើញកម្ពុជា មានក្មេងស្រីក្លាហាន ប្រកបដោយមហិច្ឆតាខ្ពស់ ដោយមានទំនុកចិត្តថា ពួកគេអាចទទួលបានការគាំទ្រ និងធនធានចាំបាច់ ដើម្បីប្រែក្លាយសុបិនរបស់ពួកគ ឱ្យទៅជាការពិត។ បន្ថែមទៀតនោះ សម្តេចប្រមើលឃើញកម្ពុជា ជាគំរូដ៏ភ្លឺស្វាងនៃសមភាពយេនឌ័រ និងជានិមិត្តរូបនៃក្តីសង្ឃឹម សម្រាប់សហគមន៍អាស៊ានទាំងមូល។
សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងថា ដើម្បីសម្រេចចក្ខុវិស័យនេះរាជរដ្ឋាភិបាល នឹងបន្តវិនិយោគលើការអប់រំស្ត្រី និងផ្ដល់លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការបង្ហាត់បង្រៀន ព្រមទាំងជម្នះគ្រប់ឧបសគ្គដែលបន្ទច់បង្អាក់ដំណើររបស់យើង។ ការថ្លែងយ៉ាងដូច្នេះរបស់សម្តេច ហ៊ុន ម៉ាណែត ក្នុងពិធីបើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែសីហានេះ៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី