នៅថ្ងៃទី២៩ ខែកក្កដានេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចឃុំខ្លួនលោកផ្កាយ ៣ ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារ ដាក់ពន្ធនាគារ ក្រោយអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួនពីបទពុករលួយ ស៊ីសំណូក និងប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវ។
លោក អ៉ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទឈ្មោះ ព្រុំ ចាន់នី ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី១ ជាប់ចោទពីបទសមគំនិតក្នុងអំពើស៉ីសំណូក រំលោភអំណាច និងបទ ប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិ និងបំណុល។
បើតាមលោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ព្រុំ ចាន់នី មានតួនាទីមុនឃាត់ខ្លួនជាអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ ជាប់សង្ស័យពីបទសមគំនិតក្នុងអំពើស៊ីសំណូក តាមមាត្រា៥៩៤ នៃក្រមព្រហ្មទណ្ឌ និងការប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវ តាមមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
គួរឲ្យដឹងដែរថា ថ្មីៗនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ ទម្លាក់ឋានៈពីនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ត្រី មកនៅត្រឹមជាពលបាលត្រី នៅក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ ការទម្លាក់ឋានៈរបស់ឧត្តមសេនីយ៍ផ្កាយ១ គឺ លោក ព្រហ្ម រស់ចន្ត្រា ធ្វើឡើងបន្ទាប់ពីគេបានរកឃើញថា លោកមានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងអំពើពុករលួយ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រាប់បណ្តាញព័ត៌មាន៕
អត្ថបទ៖ សាង តេជៈ រូបភាៈ៖ បណ្តាញសង្គម