នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ក្រុមប្រតិបត្តិការរុករកបានប្រទះឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ នៅរសៀលថ្ងៃចន្ទនេះ។
តាមរយៈបណ្ដាញសង្គម នាយឧត្តមសេនីយ៍ ឈុំ សុជាត បានឲ្យដឹងថា បន្ទាប់ពីបើកប្រតិបត្តិការរុករក អស់រយៈពេល ១៧ថ្ងៃ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៤នេះ ក្រុមប្រតិបត្តិការរុករកបានប្រទះឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ តាំងពីថ្ងៃទី ១២ ខែកក្កដាហើយ។
លោកបញ្ជាក់ថា «ឧទ្ធម្ភាគចក្រនេះ ត្រូវបានប្រទះឃើញពីលើអាកាសនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់ពីអាកាសធាតុអំណោយផល ខណៈពេលនេះកម្លាំងថ្មើរជើងកំពុងទៅកាន់ទីនោះ»។
ចំណែកឯនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងដឹកនាំកងកម្លាំងរុករកផ្ទាល់ បានឲ្យដឹងថា បន្ទាប់ពីអាកាសធាតុល្អក្នុងរយៈពេល ២ថ្ងៃនេះ កងកម្លាំង បានទៅដល់គោលដៅដែលសង្ស័យឧទ្ធម្ភាគចក្រធ្លាក់ហើយ។
នាយឧត្តមសេនីយ៍ បានបន្តថា «យើងបានថតហើយឃើញ យន្ដហោះហ្នឹង (ឧទ្ធម្ភាគចក្រ) ហើយយើងបានបន្ទាបអត្តសញ្ញាណរបស់យើង មានទង់ជាតិ មានអីអស់ហើយ ប៉ុន្តែយើងព្យាយាមចុះ ប៉ុន្តែចុះអត់បាន ដោយសារធាតុអាកាស ឥឡូវភ្លៀងទៀតហើយ។
យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់កងទ័ពរូបនេះ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយគ្រឿងដែលបានបាត់នោះ គឺបានឃើញហើយ។ បច្ចុប្បន្នកងកម្លាំងថ្មើរជើង បានធ្វើដំណើរទៅមុខឆ្ពោះទៅទីតាំងនោះ បានប្រមាណ ៦០០ម៉ែត្រ ហើយ គិតត្រឹមរសៀលថ្ងៃទី ២៩ ខែកក្កដានេះ ដើម្បីជួយសង្រ្គោះមនុស្ស ២នាក់ ដែលនៅលើឧទ្ធម្ភាគចក្រនោះ។
មកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ណាមួយ អំពីស្ថានភាពមនុស្ស ២នាក់ ដែលជិះនៅលើឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបាត់ដានរយៈពេល ១៨ថ្ងៃនោះ នៅឡើយទេ ខណៈដែលកងកម្លាំងថ្មើរជើង កំពុងប្រតិបត្តិការរួសរាន់សម្រុកទៅកាន់ទីតាំងនោះ៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម