កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនអ្នកមានជាន់ថ្មី មានគោរមងារឧកញ៉ាម្នាក់ និងតៃកុនឡានដែលកាន់កាំភ្លើងសម្តែងឬទ្ធិក្នុងក្លឹបបាញ់ផ្អើលសន្តិសុខបញ្ជូនទៅតុលាការ។
កងអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណជិត១យប់ចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយហៅស្រា Hennessy ០២ដប ផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ដោយក្នុងនោះបុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដ៏ទៃទៀត ដែលនៅសាឡុងក្បែរៗនោះ។
ដោយឃើញសភាពបែបនេះ មេការក្លឹបបានតាមអង្វរបុរសម្នាក់នោះ សុំឲ្យយកកាំភ្លើងទៅទុកក្នុងឡាន ស្រាប់តែបុរសនោះ បានបាញ់ឡើងលើ០១គ្រាប់ ដើម្បីសម្តែងឬទ្ធិអំណាចរបស់ខ្លួន ធ្វើឲ្យភ្ញៀវផ្អើលឈូរឆររត់ចេញក្រៅ ត្រូវបានក្រុមសន្តិសុខរាយការណ៍ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតអាវុធខ្លីបាន ០២ដើម ដោយមួយដើម ម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យកាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀត ម៉ាក EKOL VOLGA សមត្ថកិច្ចឆែកឃើញក្នុងរថយន្តរបស់ជនសង្ស័យ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលស្តាប់ចម្លើយ ជនសង្ស័យមានឈ្មោះ ខុន បញ្ចសិទ្ធិ បានសារភាពទទួលស្គាល់ថា អាវុធខ្លីពិតជារបស់ខ្លួនមែន តែអ្នកបាញ់គឺជាតៃកុងឡានខ្លួននោះទេ រីឯតៃកុងឡាន បានសារភាពទទួលស្គាល់ថាខ្លួនពិតជាអ្នកបាញ់ដូចសម្តីមេខ្លួនបានលើកឡើងពិតប្រាកដមែន។
តាមវិធានស្រាវជ្រាវរបស់សមត្ថកិច្ចរកតម្រុយឃើញថា អ្នកបាញ់ពិតប្រាកដគឺជាលោក ខុន បញ្ចសិទ្ធិ មិនមែនជាតៃកុងឡាននោះទេ។ ដោយជនសង្ស័យទាំងពីរនៅតែផ្តល់ចម្លើយផ្ទុយពីសាក្សី និងភស្តុតាង សមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនទាំងពីរនាក់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតែម្តង។
គួរឲ្យដឹងថា លោក ខុន បញ្ចសិទ្ធិ ដែលគេស្គាល់ថាជាអ្នករកស៊ីខាងវិស័យអចលនទ្រព្យ និងជាមេធាវីផងនោះ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ជាឧកញ៉ា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ កងរាជអាវុធហត្ថភ្នំពេញ