ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ របស់លោកសេដ្ឋី គិត ម៉េង បានដំណើរការបើកសាកល្បងខ្សែរថភ្លើង Kiha183-182 លើផ្លូវដែកទិសខាងជើង ភ្នំពេញ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ) ចំនួន ៤ទូ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីពិនិត្យមើលផ្លូវដែកសម្រាប់អ្នកដំណើរ និងជាសារប្រាប់ទៅដល់អ្នកដំណើរ ពីការដំណើរការឡើងវិញ ខ្សែរថភ្លើងសម្រាប់អ្នកដំណើរ (ភ្នំពេញ-ប៉ោយប៉ែត) បន្ទាប់ពីផ្អាកអស់រយៈពេលវែង។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការបើកសាកល្បងខ្សែរថភ្លើង Kiha183-182 លើផ្លូវដែកទិសខាងជើង(ភ្នំពេញ-ប៉ោយប៉ែត) ដើម្បីឱ្យក្រុមការងារបច្ចេកត្រួតពិនិត្យ និងសិក្សាលម្អិតរួមគ្នា លើដំណើរការកែប្រព័ន្ធជើងក្រោម ទ្វារចេញ-ចូល ម៉ាស៊ីនត្រជាក់ ច្រកទ្វារសុវត្ថិភាព សម្ភារៈបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកដថាមានសុវត្ថិភាពខ្ពស់ សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។
គួរបញ្ជាក់ថា ខ្សែរថភ្លើងសម្រាប់អ្នកដំណើរផ្លូវដែកភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) បានផ្អាករយៈពេលវែង ចាប់ពីការរីករាលដាល នៃជំងឺកូវីដ-១៩មកម្លេះ ចំពោះការដឹកទំនិញ បានធ្វើឡើងជាប្រចាំ (៣ជើងក្នុងមួយសប្តាហ៍)។
ក្រុមហ៊ុន Royal Railway បាន និងកំពុងធ្វើតេស្តលើប្រព័ន្ធសុវត្ថិភាព ដំណើរការកង់ ប្រព័ន្ធហ្រ្វាំង ម៉ាស៊ីនត្រជាក់ ច្រកទ្វារចេញចូល ជណ្តើរឡើងចុះសម្រាប់អ្នកដំណើរ សម្ភារបរិក្ខាផ្សេងៗទៀត ក៍ដូចជាសុវត្ថិភាពនៅតាមផ្លូវ រួមទាំងសុវត្ថិភាពដែលមានផ្លូវគោកឆ្លងកាត់ផ្លូវដែក ដើម្បីធានាជូនបាននូវសុវត្ថិភាពខ្ពស់ និងមានផាសុកភាព មុននឹងសម្រេចដាក់ឱ្យដំណើរការទូថភ្លើងដែលកម្មង់ទិញមួយទឹកពីប្រទេសជប៉ុនជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។
ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុនមកដល់កម្ពុជានៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៤ ជាប្រភេទរថភ្លើងដែលអាចដំណើរការដោយខ្លួនឯង ដោយមិនចាំបាច់ប្រើក្បាលម៉ាស៊ីនរថភ្លើងសម្រាប់អូសទាញទូររថភ្លើងនោះទេ៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន