ប្រទេសកម្ពុជានឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច( LDC) នៅឆ្នាំ២០២៧ ដែលការចាកចេញនេះ ស្របនឹងមហិច្ឆតារាជរដ្ឋាភិបាលក្នុងការនាំកម្ពុជាឱ្យឈានដល់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការណ៍នេះអគ្គលេខាធិការរង អង្គការសហប្រជាជាតិ បានសម្តែងការអបអរសាទរកម្ពុជា ដែលនឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចក្នុងពេលអនាគតដ៏ខ្លីខាងមុខ។
លោក អាទល់ ខារ៉េ (Atul KHARE) បានកោតសរសើរអំពីជោគជ័យរបស់កម្ពុជា និងចាត់ទុកកម្ពុជា ជាប្រទេសគំរូដែលបានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់បណ្ដាប្រទេសជាច្រើន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីចូលរួមថែរក្សាសន្តិភាព បោសសម្អាតមីន និងកសាងហេដ្ឋារចនាសម្ព័ន្ធនានា។
ក្នុងជំនួបជាមួយសម្តេច ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃចន្ទ ទី២២ កក្កដានេះ លោក អាទល់ ខារ៉េ អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកទ្រទ្រង់ប្រតិបត្តិការរក្សាសន្តិភាព បានថ្លែងកោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា និងបានអបអរសាទរកម្ពុជា ដែលនឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងពេលអនាគតដ៏ខ្លី។
សម្ដេចនាយករដ្ឋមន្រ្តី បានអរគុណអង្គការសហប្រជាជាតិ ដែលបានរួមចំណែកកសាងនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាបានគាំទ្រ និងបន្តគាំទ្រកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ បន្ថែមលើនេះ សម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបន្តប្ដេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដើម្បីចូលរួមជាមួយអង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាព និងបោសសម្អាតមីនមនុស្សធម៌។
នាពេលកន្លងទៅ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាមិនអាចនៅជាប្រទេស LDC បានទៀតទេ បើទោះបីជាឋានៈរបស់ប្រទេស LDC មានផលប្រយោជន៍មួយចំនួនក៏ដោយ។ តាមប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះដដែល បើកម្ពុជាមិនពង្រឹងខ្លួនឯងទេ នោះកម្ពុជានឹងនៅតែពឹងគេអស់មួយជីវិត។ ផ្ទុយទៅវិញ បើកម្ពុជាពង្រឹងខ្លួនឯង និងដាក់ទិសដៅក្លាយជាប្រទេសអ្នកមាន នោះកម្ពុជាមិនត្រឹមតែអាចចាកចេញពីប្រទេសក្រីក្រ ឬLDC ប៉ុណ្ណោះទេ តែកម្ពុជាក៏នឹងក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ដែលហ៊ានប្រកួតផ្ទាល់ជាមួយគេដែរ។
ជាមួយគ្នានេះ សម្តេចក៏បានសង្កត់ធ្ងន់ថា ដើម្បីឯករាជ្យភាព កម្ពុជាត្រូវតែធ្វើខ្លួនឯង ប្រឹងខ្លួនឯង និងរស់ខ្លួនឯងដោយមិនត្រូវការឲ្យមានការយោគយល់ពីអ្នកណាទាំងអស់ ព្រមទាំងអាចប្រកួតស្មើគ្នាជាមួយគ្រប់ប្រទេសទាំងអស់។ បញ្ហាប្រឈមមួយចំនួនរបស់ប្រទេស LDCs រួមមាន ធនធានក្នុងប្រទេសមានកំណត់, បន្ទុកបំណុលកាន់តែខ្លាំង និងលទ្ធភាពទាញយកប្រយោជន៍ពីទីផ្សារហិរញ្ញវត្ថុ។ ជាដំណោះស្រាយ គឺត្រូវពង្រឹងសមត្ថភាពប្រទេស LDCs ក្នុងវិស័យរដ្ឋបាលពន្ធដារ។ លើសពីនេះ គឺការប្រើប្រាស់ធនធានក្នុងស្រុកប្រកបដោយប្រសិទ្ធភាព, ការទប់ទល់នឹងលំហូរហិរញ្ញវត្ថុខុសច្បាប់, ការចល័តការសន្សំ និងស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក។ នេះជាកិច្ចពិភាក្សាដែលបណ្ដាប្រទសអភិវឌ្ឍន៍តិចតួច បានជជែកគ្នាក្នុងសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC5)។
តាមការព្យាកររបស់ធនាគារពិភពលោក កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៤ គឺស្ថិតក្នុងអត្រា ៥,៨% ពោលកើនលើសតិចតួចធៀបនឹងឆ្នាំ ២០២៣ ដែលមាន ៥,៦%។ កំណើនសេដ្ឋកិច្ចនេះនឹងហក់ឡើងដល់ ៦,១% ក្នុងឆ្នាំ២០២៥ និង៦,៤% ក្នុងឆ្នាំ២០២៦ ខណៈដែលកម្ពុជានឹងត្រូវចាកចេញពីប្រទេសLDC នៅឆ្នាំ២០២៧ ខាងមុខ៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី