ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការចាយក្រដាស់ប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ នៅខេត្តសៀមរាប នឹងជួយ សម្រួលដល់ការលក់ដូររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ។
ការបង្ហាញក្ដីសង្ឃឹមនេះ បន្ទាប់ពីធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវយន្តការបន្ទាន់ចំនួន ពាក់ព័ន្ធនឹងការសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិក នៅខេត្តសៀមរាប ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
តាមរយៈបណ្ដាញសង្គមផ្លូវការ នាព្រឹកព្រលឹមថ្ងៃទី ២២ ខែកក្កដានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការកោតសរសើរចំពោះលោកស្រី ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចំពោះចំណាត់ការដ៏ឆាប់រហ័ស ក្នុងការដាក់ចេញនូវគោលការណ៍ ពាក់ព័ន្ធនឹងការសម្រួលលក្ខខណ្ឌ សម្រាប់ការចាយក្រដាស់ប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ នៅខេត្តសៀមរាប។
បើតាមសម្ដេចនាយករដ្ឋមន្ត្រី បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ បានបង្កការលំបាកសម្រាប់ការលក់ដូរ របស់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដែលបញ្ហានេះ ត្រូវបានប្រជាពលរដ្ឋអ្នកលក់ដូរប្រាប់សម្ដេចផ្ទាល់ នៅពេលដែលសម្ដេចចុះទៅ Pub Street កាលពី យប់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ។
ប្រមុខរាជរដ្ឋាភិបាល សង្ឃឹមថា ចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា នឹងលប់បំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាមេរិក និងជួយសម្រួលដល់ការលក់ដូររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលទស្សនាខេត្តសៀមរាប ផងដែរ។
បន្ថែមលើនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឲ្យសាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប បណ្ដាធនាគារឯកជនទាំងអស់ នៅក្នុងខេត្តសៀមរាប ក៏ដូចជាបណ្ដាអាជីវកម្មឯកជន និងប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់នៅក្នុងខេត្ត ចូលរួមអនុវត្តនូវគោលការណ៍ថ្មី របស់ធនាគារជាតិនៃកម្ពុជាឲ្យបានស្រុះគ្នា ដើម្បីកុំឲ្យមានបញ្ហាពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬប្រឡាក់បន្តទៀត។
កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវយន្តការបន្ទាន់ចំនួន ដែលនឹងត្រូវអនុវត្តនៅខេត្តសៀមរាប។ យន្ដការទាំងនោះ រួមមាន៖ ១. តម្រូវឲ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួល យកប្រាក់ដុល្លារអាមេរិកចាស់ឬប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជនរបស់ខ្លួន លើកលែងតែក្រដាសនោះជាប្រាក់ក្លែងក្លាយ។
២. ក្នុងករណីក្រដាសប្រាក់ដុល្លារចាស់ខ្លាំង ដែលគិតថា មិនគួរបន្តឲ្យចរាចរនៅលើទីផ្សារបាន ធនាគារពាណិជ្ជនៅ ក្នុងខេត្តសៀមរាប ត្រូវបញ្ជូនបន្តទៅប្តូរយកក្រដាសប្រាក់ថ្មី នៅសាខាធនាគារជាតិខេត្តសៀមរាប ដោយពុំមានគិតកម្រៃសេវា និងពុំចាំបាច់រង់ចាំផ្ញើទៅទីស្នាក់ការកណ្តាល របស់ធនាគារពាណិជ្ជនៅរាជធានីភ្នំពេញ នោះទេ។
៣. តម្រូវឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់នៅខេត្តសៀមរាប ដាក់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ២០ដុល្លារអាមេរិក និង ៥០ ដុល្លារអាមេរិក ជំនួសក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១០០ដុល្លារអាមរិក នៅក្នុងម៉ាស៊ីនដកប្រាក់ (ATMs) ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរ។ ដោយឡែក ការដាក់ប្រាក់បញ្ញើតាមម៉ាស៊ីនដាក់ប្រាក់ គឺនៅទទួលគ្រប់ប្រភេទក្រដាសប្រាក់ដុល្លារអាមេរិក។
៤. រៀបចំផ្សព្វផ្សាយទៅកាន់អាជីវករប្តូរប្រាក់ ម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាន ដើម្បីឲ្យបានយល់កាន់តែច្បាស់និង គាំទ្រចំពោះវិធានការដែលបានដាក់ចេញខាងលើ និងត្រៀមសហការជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការអនុ វត្តយន្តការបន្តទៀត៕
អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកសម្ដេចធិបតី