លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រយៈពេល ៣យប់ ៤ថ្ងៃកន្លងមកនេះកម្លាំងនៃមន្ទីរបរិស្ថានចំនួន ៤០នាក់ បានចេញប្រតិបត្តិការស្វែងរកយន្តហោះដែលបានដាច់ទំនាក់ទំនងនៅជួរភ្នំក្រវ៉ាញ ក្នុងនោះកម្លាំងបរិស្ថានបានចែកចេញជា ២ក្រុម ដោយ១ក្រុមល្បាតតាមជ្រលងភ្នំ និងខ្នងភ្នំ ឯមួយ ១ក្រុមទៀតល្បាតនៅតាមព្រុំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តពោធិសាត់ ។
លោកបន្តថា កម្លាំងមន្ត្រីឧទ្យានុរក្សទាំងអស់ក្រុមទី១ មានភារកិច្ចចុះល្បាតឃ្លាំមើល និងរុករកឧទ្ធម្ភាគចក្រដែលបានបាត់ដំណឹង នៅចំណុចដំណាក់យាយរីម, ចំណតសេវា, រង្វង់មូលខ្នងស្រល់ និងចំណុចអន្លង់អង្គញ់ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ។ ចំណែកក្រុមទី២ ជាកម្លាំងល្បាតជួរភ្នំខាងលើ និងស្វែងរកក្នុងតំបន់ជ្រៅៗ ។
លោកប្រធានមន្ទីរបរិស្ថានដដែលបញ្ជាក់ថា បើទោះបីការស្វែងរកពុំបានជួបឧទ្ធម្ភាគចក្រដែលបាត់ក៏ដោយ តែក្រុមការងារស្វែងរកនៅបន្តសកម្មភាពរុករកជាប្រចាំ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានឲ្យដឹងថា បញ្ហាអាកាសធាតុបានបង្កការលំបាកសម្រាប់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ រហូតដល់ព្រឹកថ្ងៃទី១៨ ខែកក្កដានេះ នៅតំបន់នោះ ជាពិសេសចំណុចថ្មដា មេឃកំពុងភ្លៀងខ្លាំងនៅឡើយ ខណៈដែលមានទឹកជន់ជោរនៅតាមអូរ ស្ទឹងមួយចំនួន ដែលរំខានដល់ការរុករក។
សូមជម្រាបថា រហូតដល់ថ្ងៃទី១៨ ខែកក្កដានេះ ជាប្រតិបត្តិការថ្ងៃទី៦ហើយ នៃការរុករកឧទ្ធម្ភាគចក្រយោធា ដែលបានបាត់ដំណឹង ពេលកំពុងហ្វឹកហ្វឺន ដែលមកដល់ពេលនេះ មិនទាន់រកឃើញចំណែក ឬតម្រុយណាមួយ ពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រនេះនៅឡើយទេ។
ទោះជាយ៉ាងនេះក្តី ទោះបីជាមានឧបសគ្គបង្កឡើងដោយសារកត្តាភូមិសាស្ត្រ អាកាសធាតុ និងទឹកជន់តាមដងអូរស្ទឹងក៏ដោយ កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅតែបន្តខិតខំស្វែងរក និងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការរុករកឱ្យឃើញក្នុងពេលឆាប់ៗខាងមុខនេះ៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ