ក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ធ្វើការស្រាវជ្រាវ និងបណ្តេញ ជនជាតិចិនម្នាក់ចេញពីកម្ពុជា ដែលត្រូវបានតុលាការប្រទេសសិង្ហបូរី ផ្តន្ទាទោសដាក់ពន្ធនាគារពីបទសម្អាតប្រាក់ និងបានចូលមកច្រកកោននៅប្រទេសកម្ពុជា។
ក្រសួងមហាផ្ទៃបញ្ជាក់ថា ដោយកម្ពុជាក៏ជាសមាជិកនៃអង្គការឃ្លាំងមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញាវត្ថុអន្តរជាតិ ហៅកាត់ថា FATF ផងដែរនោះ និងក្រោយពីបានទទួលដំណឹងពាក់ព័ន្ធជាមួយជនជាតិចិនម្នាក់ ដែលមានការពាក់ព័ន្ធនឹងបទលើ្មសសម្អាតប្រាក់ បានចូលមកក្នុងទឺកដីប្រទេសកម្ពុជា លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការស្រាវជា្រវ ស្វែងរកជនជាតិចិន នោះ ឱ្យបានឆាប់រហ័ស ដើម្បីអនុវត្តនីតិវិធី ធ្វើការបណ្ដេញចេញពីកម្ពុជា។
នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការស្រាវជ្រាវស៊ើបអង្កេត ស្វែងរករួចមក បានឃាត់ខ្លួនជនជាតិចិដែលមានឈ្មោះ ZHANG RUIJIN ភេទប្រុស កាន់លិខិតឆ្លងដែនប្រទេស Saint Kitts and Nenis ដែលត្រូវបានតុលាការប្រទេសសិង្ហបូរី ផ្តន្ទាទោសដាក់ពន្ធនាគារពីបទសម្អាតប្រាក់។
បើតាមក្រសួងមហាផ្ទៃ ជនជាតិចិនឈ្មោះ ZHANG RUIJIN បានចូលមកប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ហើយក៏ត្រូវបានស្វែងរកឃាត់ខ្លួនបាន ដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងបានរៀបចំនីតិវីធី រួចក៏បានធ្វើការបណ្តេញចេញពីកម្ពុជា នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕
អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រសួងមហាផ្ទៃ